ស្វាយរៀង ៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង(ក ប ប)នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផល ម្ហូបអាហារនិងទំនិញវ៉ិចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារស្វាយជ្រំ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ។
លោកផឹង និល ប្រធានសាខា(ក ប ប) ខេត្តស្វាយរៀង បានឲ្យដឹងថា សកម្មភាពការងារ ត្រួតពិនិត្យរបស់មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន ២៦ គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី និងទំនិញខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ដូចជា ពពុះសណ្តែក ចំនួន ១០ Kg មានសារធាតុ ( Borax )ទឹកភេសជ្ជៈ បាកាស ចំនួន ៤ កេះ ( ក្លែងក្លាយ និង ហួសកាលបរិច្ឆេទប្រើប្រាស់ )ទឹកក្រូចដបចំណុះ១,៥លីត្រ៦យួរ ស្មើ៣៦ ដបនិងនំធុង ចំនួន ២ធុង ទឹកត្រចៀកកាំ ចំនួន ២ កេះ ទឹកដោះគោឆៅ ម៉ាក អេរ៉ាហ្គោល ចំនួន ១៦ យួរក្នុងនោះមន្ត្រីជំនាញយើង បានធ្វើកំណត់ហេតុដកហូតទំនិញ ទាំងនោះយកមករក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ។
លោកបានបញ្ជាក់ថា មុខទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់និងមាន សារធាតុគីមីនោះ បើយកទៅបរិភោគអាចនឹងធ្វើឱ្យរាគរួស ក្អួតចង្អោរ ខូចក្រលៀន ក្រពះ និងឧស្សាហ៍ វិលមុខ បណ្ដាលឲ្យចុះអន់ថយនូវកម្លាំង និងបង្កឲ្យសុខភាពចុះខ្សោយអាច នឹងមានបញ្ហាដល់អាយុជីវិតទៀតផង។
លោក ផឹង និល បានផ្សព្វផ្សាយនិងអំពាវនាវ ដល់បងប្អូនអាជីវករ ប្រជាពលរដ្ឋមុននឹងទិញរបស់អ្វីមួយទៅបរិភោគនិងលក់លើទីផ្សារសូមពិនិត្យទៅលើកាលបរិច្ឆេទ ប្រើប្រាស់ឲ្យបានច្បាស់លាស់ ដើម្បីធានាបានសុខុមាលភាពល្អ ទាំងអ្នកលក់និងអ្នកទិញផងដែរ៕