នយោបាយ

Update ៖ តុលាការបារាំង នឹងបើកសវនាការ លើបណ្ដឹងបរិហាកេរ្តិ៍ ដែលសម្ដេចតេជោ ប្ដឹង សម រង្ស៊ី នៅថ្ងៃទី ១ កញ្ញា ២០២២

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា តុលាការបារាំង នឹងបើកសវនាការ លើបណ្ដឹងបរិហាកេរ្តិ៍ ដែលសម្ដេច បានប្ដឹង សម រង្ស៊ី នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ខណៈបណ្ដឹងនេះ ត្រូវបានសម្ដេចប្ដឹងតាំងពីឆ្នាំ២០១៩មកម្ល៉េះ ។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន បានដាក់ពាក្យប្ដឹង សម រង្ស៊ី ទៅកាន់តុលាការប្រទេសបារាំង ក្រោយពីទណ្ឌិត រត់ចោលស្រុករូបនេះ បានចោទប្រកាន់សម្ដេច មានជាប់ពាក់ព័ន្ធនឹងឃាតកម្មទៅលើ នាយឧត្តមសេនីយ៍ ហុក ឡង់ឌី អតីតអគ្គស្នងការ នគរបាលជាតិ កាលពីជាង១០ឆ្នាំមុន ។ ហើយតុលាការបារាំង បានសម្រេចចោទប្រកាន់ទណ្ឌិត សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ។

ក្នុងពិធីជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ សរុបចំនួន១៥៣នាក់ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្ដេចបានជួលមេធាវីនៅបរទេស ចំនួន៣នាក់ ហើយមេធាវីម្នាក់ៗ ត្រូវគិតតម្លៃតាមម៉ោងធ្វើការរបស់ពួកគេ ។

សម្ដេចបន្ថែមថា តុលាការបារាំង ដែលគេហៅថា តុលាការឯករាជ្យ តុលាការស៊ីវិល័យ តុលាការឆាប់រហ័ស បែរជាប្រើ ពេល៣ឆ្នាំ ដើម្បីបើកសវនាការពីបទបរិហាកេរ្តិ៍ ដែលសម្ដេចបានប្ដឹងនាពេលកន្លងមក ។

សម្ដេចមានប្រសាសន៍ថា «ខ្ញុំបានប្ដឹងពីបទបរិហាកេរ្តិ៍ នៅតុលាការបារាំង ឥឡូវតុលាការនឹងកំណត់សវនាការ នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២២ ។ នេះគ្រាន់តែជាពាក្យបណ្ដឹងពីបទបរិហាកេរ្តិ៍ ប្ដឹងតាំងពីឆ្នាំ២០១៩ តុលាការទើបនឹងកំណត់ថ្ងៃ សវនាការ នៅម៉ោង១៖៣០នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២» ។
សម្ដេចបញ្ជាក់ថា គ្រាន់តែបទបរិហាកេរ្តិ៍ តុលាការនៅបារាំង ប្រើប្រាស់រយៈពេល៣ឆ្នាំ ដើម្បីបើកសវនាការ ចុះរឿងអ្វីបរទេសមួយចំនួន បែរជាមកបង្ខំតុលាការ នៅស្រុកខ្មែរឲ្យកាត់ក្ដីរឿងធំៗ ឲ្យបានឆាប់រហ័ស ខណៈតុលាការបារាំងដែលឯករាជ្យ និងឆាប់រហ័ស បែរជាមកកាត់ក្ដីប្រើប្រាស់រយៈយូរដូចនៅកម្ពុជាដែរ ។
សម្ដេចសង្កត់ធ្ងន់ថា«រឿងអីពួកបរទេសនានា មកនិយាយថា ការកាត់ក្ដីសំណុំរឿងមួយចំនួននៅភ្នំពេញឲ្យបានឆាប់ មើលខ្លួន ឯងទៅចង់ឲ្យឆាប់ ។ រឿងនេះឲ្យយើងទៅបង្ខំតុលាការម៉េចកើត? បើយើងគ្មានលទ្ធភាពបង្ខំតុលាការស្រុកបារាំង គេក៏ គ្មានលទ្ធភាពមកបង្ខំភ្នំពេញដែរ និយាយគ្នាឲ្យច្បាស់»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានរំលឹកថា នាពេលកន្លងមកសម្ដេចបានឈ្នះ រឿងក្ដីនៅបរទេស ក្នុងករណីប្ដឹងការសែត ស៊ីការ៉ូ ចំនួន៥ម៉ឺនហ្វ្រង់ (លុយបារាំង) តែប៉ុណ្ណោះ កាលពីឆ្នាំ១៩៩៧ ។ ប៉ុន្ដែសម្ដេចបានចំណាយថវិកាទៅលើមេធាវីអស់ ចំនួន១សែន២ម៉ឺនហ្វ្រង់ (លុយបារាំង) ហើយសម្ដេចប្ដឹងនៅតុលាការបារីស ទារតែ១អឺរ៉ូ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ របស់សម្ដេច ៕ ដោយ ៖ អេង ប៊ូឆេង

To Top