ព័ត៌មានជាតិ

Update៖ សម្ដេចតេជោ ផ្ដាំផ្ញើក្រុមប្រឆាំងថា អ្នកជាប់ទោសត្រូវដំណើរការ ផ្លូវច្បាប់ឲ្យចប់សិនចាំសម្របសម្រួល ផ្លូវនយោបាយ

ភ្នំពេញ៖ នៅចំពោះមុខក្រុមមេធាវីជាង ១០០នាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើទៅកាន់បក្ខពួក និងក្រុមប្រឆាំងដែលកំពុងជាប់បណ្ដឹង នៅតុលាការថា ដំណើរការខាងផ្លូវច្បាប់ត្រូវតែ ធ្វើឲ្យចប់ជាមុនសិន រួចចាំសម្របសម្រួលគ្នាខាង នយោបាយព្រោះគ្មានការសម្របសម្រួល ខាងនយោបាយមុន ហើយសម្របសម្រួល ខាងផ្លូវច្បាប់តាមក្រោយនោះទេ។

ក្នុងពិធីជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ សរុបចំនួន១៥៣នាក់ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពួកប្រឆាំងនៅក្រៅប្រទេស តែងតែត្រៀមខ្លួនវាយប្រហារមកលើសម្ដេច ដូច្នេះត្រូវវាយបកវិញដោយមិនទុកយូរឡើយ។

សម្ដេចតេជោ មានប្រសាសន៍ថា «លោក ហ៊ុន សែន អប់រំគេឲ្យចេះសម្របសម្រួល តែខ្លួនឯងអត់ព្រមសម្របសម្រួល ។ ខ្ញុំសម្របសម្រួលអស់ប៉ុណ្ណឹងហើយ ខ្ញុំគ្មានពេលសម្របសម្រួល ជាមួយអ្នកណាទៀតទេ ដំណើរការផ្លូវច្បាប់ត្រូវតែធ្វើ តាមច្បាប់ ផុតខាងផ្លូវច្បាប់ហើយចាំសម្រួល គ្នាខាងនយោបាយ អត់មានសម្រួលគ្នាខាងនយោបាយមុន សម្រួលគ្នាខា ងផ្លូវច្បាប់ទេ សូមជូនសារនេះទុកឲ្យហើយ»។

សម្ដេចតេជោ បានឲ្យដឹងថា ដំណើរការផ្លូវច្បាប់ត្រូវតែបន្ដទៀត បើក្រុមប្រឆាំងត្រូវជាប់ពន្ធនាគារ ជាប់ឲ្យហើយ អ្នកមិនទាន់កាត់ក្ដី ត្រូវកាត់ក្ដីឲ្យហើយ ចាំនិយាយគ្នារឿងសម្របសម្រួល ផ្លូវនយោបាយ។ សម្ដេចថា ខ្មែរមិនត្រូវការមានជម្លោះឡើយ មានតែអ្នកមានជម្លោះជាមួយផ្លូវច្បាប់តែប៉ុណ្ណោះ តែគ្មានជម្លោះនយោបាយឡើយ។

សម្ដេចបញ្ជាក់ឡើងវិញថា នៅកម្ពុជាអត់មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយជាប់ទោស ព្រហ្មទណ្ឌតែប៉ុណ្ណោះ។

សម្ដេចតេជោ បន្ថែមថា ក្រុមប្រឆាំងនៅក្រៅប្រទេស កំពុងបង្កជម្លោះជាមួយផ្លូវច្បាប់ ដូច្នេះត្រូវរង់ចាំផ្លូវច្បាប់ដោះស្រាយរួច ចាំមកនិយាយរឿងនយោបាយជាមួយសម្ដេច។
សម្ដេចថា សម្ដេចនឹងបន្ដប្ដឹងពួកប្រឆាំងនៅក្រៅប្រទេស ដែលមានគម្រោងកំចាត់ត្រកូល «ហ៊ុន»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្រួបបង្រួមខ្មែរ «អូខេ» តែបើដាក់គោលដៅកម្ចាត់ «ត្រកូលហ៊ុន» គឺមិនអាចទៅរួចទេ។

ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានលើកឡើងថា មានមន្រ្តីគណបក្ស ប្រជាជនកម្ពុជាជាច្រើននាក់ កំពុងជាប់ពន្ធនាគារ ជាក់ស្ដែងអតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ជាដើម ពោលគឺឲ្យតែធ្វើខុសច្បាប់ ដឹងតែជាប់ពន្ធនាគារហើយ។

សម្ដេចតេជោ បានឲ្យដឹងថា មានអ្នកការសែតមួយ ជាប់ពាក្យបណ្ដឹង ចំនួន២ ហើយសុំចុះចូលគណបក្សប្រជាជន កម្ពុជា ហើយសម្ដេចឆ្លើយតបទៅវិញថា អ្នកមានទោសត្រូវតែទទួលទោស។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «មន្ដ្រីគណបក្សប្រជាជនកម្ពុជា មិនតិចទេដែលបានជាប់គុក ឲ្យធ្វើខុសច្បាប់គឺជា ប់គុកហើយ ជាក់ស្ដែងដូចជា អតីតអភិបាលខេត្តតាកែវ ក៏កំពុងជាប់គុក»៕

ដោយ៖ អេង ប៊ូឆេង

To Top