នយោបាយ

វិភាគ ៖ ពិភពលោក នឹងមានវ៉ាក់សាំង បង្ការវីរុស Covid-19 នៅចុងឆ្នាំនេះ ប៉ុន្តែប្រឈមហានិភ័យខ្ពស់ មុនមានវ៉ាក់សាំង

បច្ចុប្បន្នភាព

ហ្ស៊ីនហួរ (Xinhua) បានចុះផ្សាយថា លោក Tedros Adhanom Ghebreyesus ប្រមុខអង្គការសុខភាពពិភពលោក (WHO) បានប្រកាសទទួលស្គាល់ជាផ្លូវការកាលពីថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នូវប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការវីរុស Covid-19 របស់ក្រុមហ៊ុនឱសថចក្រភពអង់គ្លេស AstraZeneca រួមសហការជាមួយសកលវិទ្យាល័យ Oxford ។

លោក Tedros Adhanom Ghebreyesus បាននិយាយថា ពិភពលោកមានក្តីសង្ឃឹមពិតប្រាកដហើយ ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងរាលដាលវីរុសCovid-19 ដោយសារនៅខែធ្នូ ចុងឆ្នាំ២០២០នេះ បុគ្គលប្រឈមមួយចំនួន មានដូចជាក្រុមគ្រូពេទ្យជូរមុខ និងបុគ្គលិកសុខាភិបាលជាដើម នឹងទទួលបានវ៉ាក់សាំងបង្ការវីរុសនេះ ។
សេចក្តីប្រកាសទទួលស្គាល់ របស់ប្រមុខអង្គការសុខភាពពិភពលោក ត្រូវបានធ្វើឡើងក្នុងរយៈពេល១ថ្ងៃ ក្រោយពីក្រុមហ៊ុនជីវសាស្ត្រ ចំនួន២ក្រុមហ៊ុនទៀត របស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna បានប្រកាសពីប្រសិទ្ធភាពខ្ពស់ នៃវ៉ាក់សាំងបង្ការវីរុស Covid-19 របស់ខ្លួន និងអាចដាក់អោយប្រើប្រាស់ នៅចុងឆ្នាំនេះដែរ ។
ទន្ទឹមនឹងសេចក្តីប្រកាស ពីជោគជ័យ នៃការផលិតវ៉ាក់សាំងបង្ការវីរុសCovid-19នេះដែរ ពិភពលោកក៏កំពុងប្រឈម នឹងការឆ្លងរាលដាលវីរុសនេះ ក្នុងកម្រិតខ្ពស់ទ្វេដង
ខណៈដែលរដូវវិស្សមកាល សកលជិតឈានចូលមកដល់ និងឈានចូលមកដល់នៅពេលខាងមុខ មានពិធីបុណ្យណូអែល និងពិធីបុណ្យចូលឆ្នាំថ្មី សកល២០២០-២០២១ជាដើម ។
អ្នកជំនាញផ្នែកជំងឺឆ្លង របស់អង្គការសុខភាពពិភពលោក បានប៉ាន់ប្រមាណថា ក្រោយរដូវវិស្សមកាល នៅដើមឆ្នាំ២០២១ខាងមុខនេះ កំណើនមនុស្សស្លាប់ និងមនុស្សឆ្លងវីរុស Covid-19 នៅទូទាំងពិភពលោក អាចនឹងកើនឡើងទ្វេដង ដោយសារនៅរដូវវិស្សមកាលនេះ ប្រជាពលរដ្ឋ នៅលើពិភពលោក មិនបានរក្សាគម្លាតសុវត្ថិភាពសង្គមទេ ។
ម្យ៉ាងទៀត នៅរដូវវិស្សមកាលថ្ងៃបុណ្យណូអែល និងថ្ងៃចូលឆ្នាំថ្មីឆ្នាំសកល មានការជួបជុំរយៈពេលយូរ ក្នុងការប្រារព្ធពិធីបុណ្យនេះ ហើយការជួបជុំនេះហើយ ដែលជាឱកាសដ៏ល្អបំផុត សម្រាប់វីរុស Covid-19 ដើម្បីឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ។

ចំពោះវ៉ាក់សាំងបង្ការវីរុសCovid-19របស់ក្រុមហ៊ុន AstraZeneca ចក្រភពអង់គ្លេសនិងក្រុមហ៊ុន Moderna របស់សហរដ្ឋអាមេរិក មានប្រសិទ្ធបង្ការវីរុសនេះប្រហាក់ប្រហែលគ្នា ប៉ុន្តែវ៉ាក់សាំងទាំងពីរកង់ឌីដានេះ មានភាពងាយស្រួល និងការលំបាកក្នុងការថែរក្សាខុសគ្នា ហើយតម្លៃរបស់វ៉ាក់សាំងទាំងពីរប្រភេទនេះក៏ខុសគ្នាដែរ ។
បើតាមលទ្ធផលបណ្តោះអាសន្ន នៃការសាកល្បងទ្រង់ទ្រាយធំ លើមនុស្សប្រមាណជាង៦ម៉ឺននាក់ វ៉ាក់សាំងបង្ការ របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca សហការជាមួយសាកលវិទ្យាល័យ Oxford មានប្រសិទ្ធភាពត្រឹមតែ៧០%ប៉ុណ្ណោះ មិនខ្ពស់ដល់លើស៩០%ដូចវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Moderna ទេ។
ប៉ុន្តែវ៉ាក់សាំងអង់គ្លេស ត្រូវបានផលិតឡើងដោយប្រើបច្ចេកវិទ្យា ដែលធ្លាប់ប្រើពីមុន មិនទំនើបថ្មីដូចបច្ចេកវិទ្យាដែលក្រុមហ៊ុនអាមេរិកទាំងពីរប្រើទេ ហើយដោយសារប្រើបច្ចេកវិទ្យា មិនសូវទំនើបនេះហើយ ទើបតម្លៃ នៃការផលិតក៏ត្រូវទាបជាង និងការរក្សាទុកដាក់និងដឹកជញ្ជូនចែកចាយ ក៏ស្រួលជាងដែរ ។

វ៉ាក់សាំងរបស់អង់គ្លេស មិនត្រូវការទូទឹកកដែលត្រជាក់ខ្លាំងមានសីតុណ្ហភាព ដល់-៧០អង្សាសេ ដូចវ៉ាក់សាំងរបស់អាមេរិក Moderna ទេ ហើយចំពោះប្រសិទ្ធភាពវិញ ៧០% វាទាបជាង៩០% ឆ្ងាយមែន តែវ៉ាក់សាំងខ្លះ មានជាអាទិ៍វ៉ាក់សាំងប្រឆាំង នឹងជំងឺគ្រុនផ្តាសាយធំ មានប្រសិទ្ធភាពត្រឹមតែប្រមាណ ៦០%ប៉ុណ្ណោះ ។

ម្យ៉ាងទៀត នៅក្នុងសេចក្តីថ្លែងការណ៍របស់មន្ទីរពិសោធន៍អង់គ្លេស AstraZeneca បានអះអាងថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពការពារវីរុសCovid-19បានខ្ពស់ណាស់ គ្មានអ្នកបានទទួលវ៉ាក់សាំងសាកល្បងណាម្នាក់ បានទទួលរងផលរំខាន ឬមានអាការៈធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ រហូតដល់ត្រូវការឱ្យមានការព្យាបាលទេ ។
ក្រុមហ៊ុនអង់គ្លេសសង្ឃឹមថា នឹងអាចដាក់ពាក្យ សុំសិទ្ធិធ្វើចរាចរណ៍ និងប្រើប្រាស់ថ្នាំបង្ការនេះនៅក្នុងពេលឆាប់ៗ ដោយសារតែវ៉ាក់សាំងនេះ មានភាពងាយស្រួល ក្នុងការទុកដាក់និងចែកចាយ ហើយពិភពលោកនឹងអាចទទួលថ្នាំវ៉ាក់សាំងអង់គ្លេស បានក្នុងបរិមាណ៣ពាន់លានដូស នៅក្នុងអំឡុងឆ្នាំ២០២១ខាងមុខ ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស បានសម្តែងមោទនភាព និងភាពរីករាយយ៉ាងខ្លាំង ចំពោះលទ្ធផលគួរជាទីសង្ឃឹមនេះ ដោយអះអាងថា ក្រៅពីមានប្រសិទ្ធភាពខ្ពស់ និងប្រាកដ វ៉ាក់សាំងនេះជារបស់អង់គ្លេស ផលិតនៅអង់គ្លេស និងមិនត្រូវការរក្សាទុកក្នុងសីតុណ្ហភាព ទាបខ្លាំងដូចវ៉ាក់សាំងរបស់ក្រុមហ៊ុន អាមេរិកទៀត ។

ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លង របស់អង្គការសុខភាពពិភពលោក បាននិយាយថា ការបង្ហាញពីប្រសិទ្ធភាព នៃវ៉ាក់សាំងបង្ការវីរុស Covid-19 ជាជោគជ័យមួយហើយ សម្រាប់ពិភពលោកទាំងមូល ប៉ុន្តែការឆ្លងរាលដាលវីរុសនេះ ដែលកំពុងហក់ឡើងខ្ពស់ នៅពេលបច្ចុប្បន្ននេះ ក៏ជាក្តីព្រួយបារម្ភសម្រាប់ពិភពលោកដែរ ៕
ដោយ ៖ អ៊ី ជិន

To Top