Covid-19

រដ្ឋមន្ដ្រីសាធារណការ ប្រាប់អាស៊ានថា វិបត្តិកូវីដ-១៩ មិនបានរារាំងកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនឡើយ

ភ្នំពេញ៖ នៅចំពោះមុខរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ទោះបីមានវិបត្តិកូវីដ-១៩ ក៏ដោយ ក៏មិនបានរារាំងកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនឡើយ ។

លោកថ ជាក់ស្ដែង ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ព្រមទាំង ហេដ្ឋារចនាសម្ព័ន្ធដ៏ទៃទៀត កំពុងសាងសង់ជាបន្ដបន្ទាប់។

ក្នុងកិច្ចប្រជុំពិភាក្សាជាមួយ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន លើកទី២៦ ព្រមទាំងដៃគូសន្ទនាផ្សេងៗ តាមរយៈ វីដេអូពីចម្ងាយដឹកនាំកិច្ចប្រជុំ ដោយរដ្ឋមន្ត្រីដឹកជញ្ជូនប្រទេសព្រុយណេ នាពេលថ្មីៗនេះ លោក ស៊ុន ចាន់ថុល បានថ្លែងថា កម្ពុជាបានសហការជាប្រព័ន្ធ និងតាមឋានុក្រមទាំងរដ្ឋបាលសាធារណៈ និងឯកជន រិះរកគ្រប់នីតិវិធី យន្តការ យុទ្ធសាស្ត្រ និងវិធានការ ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃមេរោគកូវីដ-១៩ តាមការណែនាំរបស់ អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលកម្ពុជា។

លោកបន្ដថា ជាលទ្ធផល កម្ពុជាគ្មានការឆ្លងរីករាល ដាលក្នុងសហគមន៍ និងគ្មានប្រជាពលរដ្ឋណាម្នាក់ បានស្លាប់ ដោយសារជំងឺកូវីដ-១៩ ឡើយ ហើយក៏ មិនបានដាក់ប្រទេស ឬតំបន់ណាមួយក្នុងភាពមានអាសន្នផងដែរ។

លោកថា ទោះជាយ៉ាងណាក្ដី កម្ពុជានៅតែប្រកាន់ខ្ជាប់នូវវិធានការការពារ ទប់ស្កាត់របស់ក្រសួងសុខា ភិបាលកម្ពុជា ក៏ដូចជា វិធានការការពារ ទប់ស្កាត់របស់អង្គការសុខភាពពិភពលោក យ៉ាងម៉ឺងម៉ាត់បំផុត។

លោកបញ្ជាក់ថា «វិបត្តិកូវីដ-១៩ មិនបានរារាំងកម្ពុជាពីការកសាង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឡើយ។ ជាក់ស្ដែង ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ព្រមទាំង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពាន ដ៏ទៃទៀត នៅតែបន្តការសាងសង់ជាប្រក្រតី ប៉ុន្តែទាំងកម្មករ និងវិស្វករ ត្រូវអនុវត្តតាមវិធានការការពារឲ្យបានខ្ជាប់ខ្ជួន»។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីសាធារណការ ក៏បាន ប្រាប់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានថា កម្ពុជាបានសហការជាមួយប្រទេស ជិតខាង ដូចជា៖ ប្រទេសថៃ វៀតណាម និងឡាវ បន្តដឹកជញ្ជូនទំនិញឆ្លងកាត់ ព្រំដែនរវាងគ្នាជាធម្មតា តាមរយៈការអនុវត្តវិធានការ និងយន្តការនានាដែលបានកំណត់ ដើម្បីចៀសផុតពីវិបត្តិសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិដែលបង្កឡើង ដោយមេរោគកូវីដ-១៩ ៕

ដោយ៖ អេង ប៊ូឆេង

To Top
×