ព័ត៌មានជាតិ

កម្ពុជា-វៀតណាម បង្កើតក្រុមការងារដោះស្រាយ បញ្ហាកកស្ទះចរាចរណ៍ នៅច្រកព្រំដែនបាវិត-ម៉ុកបៃ

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កម្ពុជា-វៀតណាម បានបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីសហការគ្នាដោះស្រាយ ឲ្យទាន់ពេលវេលានូវបញ្ហា កកស្ទះចរាចរណ៍ច្រក ទ្វារព្រំដែនបាវិត-ម៉ុកបៃ។

ក្នុងកិច្ចប្រជុំទ្វេភាគី ស្ដីពីការធ្វើឲ្យប្រសើរឡើងនូវ ការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាង កម្ពុជា-វៀតណាម តាមរយៈប្រព័ន្ធ វីដេអូពីចម្ងាយ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានថ្លែងថា កម្ពុជាបាននិងកំពុងសាងសង់ពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាប្រព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងកំពង់ផែ ដើម្បីតភ្ជាប់ប៉ូលពាណិជ្ជកម្ម សំខាន់ៗរបស់កម្ពុជា ទៅកាន់ច្រកទ្វារព្រំដែន តួយ៉ាងដូចជា ៖ ផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវជាតិលេខ៣៣ ផ្លូវក្នុងក្រុងព្រះសីហនុ និងផ្លូវក្នុងក្រុងសៀមរាបជាដើម ដើម្បីធានាខ្សែសង្វាក់ដឹកជញ្ជូន ឲ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានោះផងដែរ ខាងភាគីវៀតណាម ក៏បាន បង្ហាញពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនរបស់ខ្លួនផងដែរ ដោយហេតុថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាន់តែមានសន្ទុះកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។

លោក ស៊ុន ចាន់ថុល បានឲ្យដឹងដែរថា តាមការស្នើសុំបញ្ជាក់ពីភាគីកម្ពុជា ទាក់ទងនឹងគម្រោងតភ្ជាប់ផ្លូវដែកពី ភ្នំពេញ ទៅក្រុងហូជីមិញ ភាគីវៀតណាម បានឆ្លើយតបថា ខ្លួនបាននិងកំពុងសិក្សាគម្រោង នេះយ៉ាង យកចិត្តទុកដាក់បំផុត និងខិតខំប្រឹងប្រែងពន្លឿនគម្រោងនេះ ឲ្យបានឆាប់ចេញជារូបរាឡើង នាពេលអនាគតដ៏ខ្លីខាងមុខ។

ផ្ទាំងពាណិជ្ជកម្ម

លោកបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីដោះស្រាយបញ្ហា កកស្ទះចរាចរណ៍ច្រកទ្វារព្រំដែន បាវិត-ម៉ុកបៃ ភាគី ទាំងពីរបាន ឯកភាពគ្នាបង្កើតក្រុមការងារចំពោះកិច្ច និងអនុក្រុមការងារចំពោះកិច្ចទៅតាមវិស័យ ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក ជាដើម ដើម្បីសហ ការដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត ដោយក្រុមការងារចំពោះកិច្ច របស់ប្រទេសទាំងពីរ ត្រូវជួបប្រជុំពិភាក្សាជា ទៀងទាត់ និងធ្វើរបាយការណ៍ប្រចាំខែជូន នាយករដ្ឋមន្ត្រីរបស់ខ្លួនរៀងៗខ្លួនផងដែរ»។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីសាធារណការ ក៏បានលើកឡើងថា ការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូន និងច្រកទ្វារព្រំដែន មិនត្រឹមតែបម្រើឲ្យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើឲ្យការធ្វើ ពាណិជ្ជកម្មដល់ កម្ពុជា – វៀតណាម និងថៃ ក៏ដូចជា អាស៊ានទាំងមូលផងដែរ៕

ដោយ៖ អេង ប៊ូឆេង

To Top