ព័ត៌មានជាតិ

ក្រុមហ៊ុន ANA បើកហោះហើរឡើងវិញនឹងលើក កម្ពស់វិស័យទេសចរណ៍កម្ពុជា-ជប៉ុន ក្នុងដំណាក់កាលកូវីដ១៩

ភ្នំពេញ៖ បើតាមព័ត៌មានពីមន្ត្រីជាន់ខ្ពស់ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ការបើកហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA (All Nippon Airways) គឺជាកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងជប៉ុនក្នុងការជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ រវាងប្រទេសទាំងពីរក្នុង និងក្រោយដំណាក់កាល នៃវិបត្តិកូវីដ-១៩។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នាថ្ងៃ២៧ វិច្ឆិកា។

ជាមួយគ្នានេះ ក៏បង្ហាញឲ្យឃើញពីសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសភាព រឹងមាំនៃប្រព័ន្ធសុខាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជា គ្រប់រូបក្នុងការទប់ស្កាត់ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយទាក់ទាញទេសចរ និងសម្រួលក្នុងការធ្វើដំណើរ របស់អ្នកវិនិយោគិនជប៉ុនឱ្យមកទស្សនា និងវិនិយោគ មកកាន់កម្ពុជាឲ្យច្រើនឡើងថែមទៀត។

បច្ចុប្បន្នក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំកម្មវិធីទស្សនកិច្ច “ការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព” “Travel Bubble” ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរជប៉ុន អាចធ្វើដំណើរមកកម្ពុជា ប្រកបដោយសុវត្ថិភាពខ្ពស់។

កាលពីថ្ងៃ២៦ វិច្ឆិកា ទូតជប៉ុនប្រចាំកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីក្រុមហ៊ុនអាកាសចរណ៍ ANA ថានឹងមានជើងហោះហើរ ពីទីក្រុងណារីតា-ភ្នំពេញ-ណារីតា សម្រាប់ខែធ្នូ ឆ្នាំ២០២០ និងខែមករា ឆ្នាំ២០២១ ។

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA នឹងហោះពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញ (ណារីតា-ភ្នំពេញ-ណារីតា) ដែលនឹងមានជើងហោះហើរត្រង់នៅថ្ងៃទី២ ទី៥ ទី៩ ទី១២ ទី១៦ ទី១៩ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី៩ និងទី២៣ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីក្រុមហ៊ុនបានប្រកាស ផ្អាកជើងហោះហើរមួយរយៈ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។

ក្រុមហ៊ុនអាកាសចរណ៍នេះ បានបើកសម្ពោធកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦។

សូមបញ្ជាក់ថា កម្ពុជា គឺជាប្រទេសមួយដែល មានសុវត្ថិភាពទេសចរណ៍ល្អបំផុត ក្នុងការធ្វើទស្សនកិច្ច និងមកទស្សនាក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ដោយ “កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១ នៅតំបន់អាស៊ី និងលេខ ៣ លើពិភពលោក ជាប្រទេសដែលគ្រប់គ្រងការឆ្លង រាតត្បាតនៃជំងឺកូវីដ-១៩ បានល្អបំផុត” ៕

To Top