ព័ត៌មានជាតិ

១១ខែ កម្ពុជានាំចេញអង្ករជាង៦០ម៉ឺនតោន ក្នុងពេលស្រូវនាំទៅវៀតណាមជិត២លានតោន

ភ្នំពេញ ៖ ក្នុងរយៈពេល ១១ខែ នៅឆ្នាំ២០២០នេះ កម្ពុជា សម្រេចបាននាំចេញ អង្ករចំនួន ៦០១ ០៤៥ តោន និងស្រូវចំនួន១ ៧៧៧ ១០៧ តោន ។ នេះបើតាមការ បង្ហាញរបស់លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃ៣០ វិច្ឆិកា។

លោក វេង សាខុន បន្តថា លទ្ធផលនៃការនាំចេញអង្ករបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យត្រឹមត្រូវ។ ក្នុងរយៈពេល ១១ខែដែលសម្រេចបាននាំចេញ ៦០១ ០៤៥ តោននេះ មាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤៨១ ១២៣ តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១១៣ ៧០៣ តោន និងអង្ករចំហ៊ុយមានចំនួន ៦ ១៥១ តោន។

លោកថា ការនាំចេញអង្កររយៈ១១ខែ នេះ មានការកើនឡើងប្រមាណ ៨៦ ៨៩៦ តោន ស្មើនឹង +១៦,៩០% ដែលធៀបទៅនឹងរយៈពេល១១ខែ នៅឆ្នាំ២០១៩ មានតែចំនួន ៥១៤ ១៤៩ តោន ប៉ុណ្ណោះ ។

ដោយឡែក សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២០ នេះលោកថា សម្រេចការនាំចេញអង្ករបានចំនួន ៦៤ ៧៤០ តោន មានការកើនឡើងចំនួន ៨ ៥៣១ តោន ស្មើនឹង ១៥,១៨% ធៀបទៅនឹងបរិមាណនាំចេញនៅខែវិឆ្ឆិកា ឆ្នាំ២០១៩ ។

លោកឲ្យដឹងទៀតថា ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ១១ខែកន្លងទៅនេះ មាន៦០ ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន(រួមទាំង កោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់), ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វីបដ៏ទៃទៀតចំនួន ២៩ ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ១០ ក្នុងចំណោម ៧២ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។

សូមបញ្ជាក់ថា៖ ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ១១ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់ ដោយឡែកប្រទេសចិនឈរនៅលំដាប់ទី១៖ ១) ប្រទេសចិនមានបរិមាណសរុបចំនួន ២៣៤ ៩៤០ តោន ស្មើនឹង៣៩,០៩%, ២) ការនាំចេញទៅសហភាពអ៊ឺរ៉ុបមានចំនួន ២៤ ប្រទេស មានបរិមាណសរុបចំនួន ១៨៨ ៤៣៦ ស្មើនឹង ៣១,៣៥%, ៣) បណ្តាប្រទេសសមាជិកអាស៊ានមានបរិមាណសរុបចំនួន ៧៨ ២០៨ តោន ស្មើនឹង ១៣,០១%, និង ៤) គោលដៅដ៏ទៃទៀត ចំនួន២៩ ប្រទេស មានបរិមាណសរុបចំនួន ៩៩ ៤៦១ តោន ស្មើនឹង ១៦,៥៥% ។

ចំពោះការនាំចេញស្រូវនៅតាមបណ្តាច្រកនៃខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម មកទល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មានបរិមាណសរុបចំនួន ១ ៧៧៧ ១០៧ តោន ។

សម្រាប់បរិមាណនាំចេញក្នុងមួយថ្ងៃ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ មានចំនួន ២៦ ៦១៩ តោន ៕

To Top