ព័ត៌មានជាតិ

ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅវៀតណាម ប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះកូវីដ១៩ ខណៈវៀតណាម រកឃើញករណីឆ្លង ក្នុងសហគមន៍ទីក្រុងហូជីមិញ

ភ្នំពេញ៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅប្រទេសវៀតណាម បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលមានវត្តមាន នៅទីក្រុងហូជីមិញ ប្រុងប្រយ័ត្នឲ្យ បានខ្ពស់ខណៈដែលវៀតណាម រកឃើញករណីឆ្លងកូវីដ១៩ ក្នុងសហគមន៍ នៅទីក្រុងហូជីមិញ។

យោងតាមសេចក្តីជូនដំណឹង របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅក្រុងហូជីមិញ បានឲ្យដឹងថា ការអំពាវនាវខាងលើ បានធ្វើឡើង បន្ទាប់ពីនៅយប់ថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២០ សារព័ត៌មាន Thanhnien.vn បានចុះផ្សាយតាមគេហទំព័រថា មានករណីឆ្លងជំងឺកូវដ ១៩ ក្នុងសហគមន៍នៅទីក្រុងហូជីមិញ គឺអ្នកជំងឺទី ១៣៤៧ ជាជនជាតិវៀតណាម។

ក្នុងសេចក្តីជូនដំណឹងដដែល របស់ស្ថានទូត បានបញ្ជាក់ថា ក្នុងកំឡុងពេលពីថ្ងៃទី ១៨-២៥ ខែវិច្ឆិកា តាមការសើបអង្កេត បឋមអ្នកជំងឺ ១៣៤៧ បានធ្វើដំណើរទៅកាន់ ទីកន្លែងមួយចំនួនដូចជាទៅបង្រៀន ភាសាអង់គ្លេស នៅមជ្ឈមណ្ឌល KEY English នៅខណ្ឌតិនឋិញ និងសាខាផ្សេងទៀត នៅខណ្ឌទី១០ ទៅហាងកាហ្វេ និងទៅការ៉ាអូខេនៅទីក្រុងហូជីមិញ។

តាមសេចក្តីជូនដំណឹងខាងលើ សរុបចំនួនមនុស្ស ដែលបានប៉ះពាល់ផ្ទាល់ (F1) ជាមួយអ្នកជំងឺ ១៣៤៧ តាមការសើបអង្កេត បឋមមានចំនួន ៣៨ នាក់ (បានប្រមូលដាក់ចត្តាឡីស័ក និងយកសំណាកទៅធ្វើតេស្ត រកមេរោគកូវីដ ១៩), ចំនួនមនុស្សដែលបានប៉ះពាល់ប្រម៉ោល (F2) គឺ ១៥៤ នាក់ (ក្នុងនោះមាន ៦២ នាក់នៅខណ្ឌតិនចិញ និង ៩២នាក់ខណ្ឌទី ១០)។

ជាមួយគ្នានោះអាជ្ញាធរ មានសមត្ថកិច្ចវៀតណាម កំពុងសស្រាក់សស្រាំ តាមប្រមូលអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលដទៃទៀត ដើម្បីយកមកធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យ រកមេរោគកូវីដ ១៩ ៕

To Top