ព័ត៌មានជាតិ

សម្ដេចតេជោ ត្រៀមថ្វាយព្រះរាជ្យក្រឹត្យ ទូលថ្វាយព្រះមហាក្សត្រ ដាក់ប្រទេស ក្នុងគ្រាអាសន្ន

ភ្នំពេញ ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ បានបង្ហើបពីគម្រោងត្រៀមព្រះរាជ្យក្រឹត្យទូលថ្វាយទៅ ព្រះមហាក្សត្រនិងរដ្ឋសភាក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្នដែលបណ្ដាលមកពីចម្លងវីរុសចូលសហគមន៍មិនមានភាពធូរស្រាល។

ការលើកឡើងរបស់សម្តេចតេជោធ្វើឡើងតាមរយៈសារជាសំឡេងមួយចេញផ្សាយនៅថ្ងៃទី៦ខែធ្នូឆ្នាំ២០២០នេះ។ សម្ដេចបន្តថា «ខ្ញុំសូមនិយាយដោយត្រង់ខ្ញុំបានត្រៀមរួចរាល់អស់ហើយនូវព្រះរាជ្យក្រឹត្យដើម្បីថ្វាយសារលិខិតទៅព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានអាសន្ននិងព្រាងអនុក្រឹត្យសម្រាប់ប្រធានរដ្ឋសភា ព្រឹទ្ធសភារួចស្រេចទៅហើយ។ ក៏ប៉ុន្តែខ្ញុំមិនចង់ដើរទៅដល់ជំហានបែបនេះនោះទេ ព្រោះវានឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាគាំងទាំងស្រុងតែម្ដង ប្រសិនបើបិទប្រទេសឬបិទផ្នែកណាមួយដូចជារាជធានីភ្នំពេញឬខេត្តណាមួយ»។

បើតាមប្រមុខរាជរដ្ឋាភិបាលការបិទប្រទេសឬផ្នែកណាមួយដែលបណ្ដាលមកពីកូវីដ១៩វានឹងធ្វើឲ្យប៉ះពាល់ដល់ការប្រកបមុខរបររបស់ប្រជាពលរដ្ឋជាក់ជាមិនខាន។

បើតាមសម្ដេចតេជោ ជំនួសឲ្យការបិទប្រទេសប្រជាពលរដ្ឋត្រូវចូលរួមសហការក្នុងការអនុវត្តវិធានការសុវត្ថិភាពដើម្បីបញ្ចៀសនិងកាត់បន្ថយការចម្លងចូលសហគមន៍។ 

សម្ដេចតេជោបន្ថែមថា «បើបុគ្គលម្នាក់ៗមិនចូលរួមធ្វើការងារនេះទេវានឹងចម្លងចូលគ្រួសារ បន្ទាប់មកនឹងឆ្លងចូលសហគមន៍របស់យើងដែលវានឹងបំផ្លាញធ្ងន់ធ្ងរដល់ប្រទេសជាតិរបស់យើង»។ 

សូមជម្រាបជូនថា ក្ដីព្រួយបារម្ភរបស់ប្រមុខរាជ រដ្ឋាភិបាលនិងបង្ហាញពីគម្រោងត្រៀមដាក់ប្រទេសក្នុងគ្រាមានអាសន្នធ្វើឡើងខណៈកម្ពុជារកឃើញចំនួនអ្នកឆ្លងចូលសហគមន៍មានការកើនឡើងជាបន្តបន្ទាប់រហូតដល់៣០នាក់គិតមកដល់ពេលនេះ៕

To Top