ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត ត្រូវចុះបិទជាបណ្ដោះ អាសន្នភ្លាមៗចំពោះ ទីតាំងអាជីវកម្ម និងហាងទាំងឡាយណា មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការចម្លងវិរុសកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍ ។
បទបញ្ជារបស់សម្ដេចតេជោហ៊ុនសែនបែបនេះបានធ្វើឡើងបន្ទាប់ពីមាន កន្លែងអាជីវកម្ម និងហាងមួយចំនួន មិនបានគោរព តាមការណែនាំរបស់ក្រសួងសុខាភិបាលឡើយ ដែលនាំឲ្យឆ្លងកូវីដ-១៩ ចូលទៅក្នុងសហគមន៍មានការកើនឡើង។
តាមរយៈសារសំឡេងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា នាពេលថ្មីៗនេះសម្ដេចបានប្រគល់អំណាចឲ្យគ្រប់ស្ថាប័ននៅថ្នាក់ជាតិសម្រេចបិទនូវកន្លែងធ្វើការមួយចំនួន។ដោយឡែក អភិបាលរាជធា នី-ខេត្ត សម្ដេចឲ្យពិនិត្យអំពីការបិទ ឬបើក នៅទីកន្លែងដែលមានការចាំបាច់។
សម្ដេចតេជោ មានប្រសាសន៍ថា «កន្លងទៅនេះយើងបានពិនិត្យឃើថា ករណីដែលមានការឆ្លងក្នុងហាងមួយដែលមាន មនុស្សឆ្លងច្រើនដែលយើងពិនិត្យឃើញថា បញ្ហាសំខាន់គឺការបំពានទៅលើសុវត្ថិភាព គម្លាតបុគ្គល ហើយការខ្វះវិធាន ការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល»។
សម្ដេចតេជោ បន្ដថា «ក្នុងន័យនេះខ្ញុំសូមរំលឹកចំពោះ អភិបាលរាជធានី-ខេត្ត ទាំងអស់ឲ្យបានជ្រាប សូមចុះតាមដាន ត្រួតពិនិត្យទៅទីតាំងលក់ដូរទាំងអស់ ទាំងផ្សារ ទាំងអាគារលក់ដូរនានា ហើយផ្ដល់ការណែនាំឲ្យពួកគាត់អនុវត្តឲ្យបាន ត្រឹមត្រូវ នូវវិធានការនានាចេញដោយក្រសួងសុខាភិបាល។ប្រសិនបើទីកន្លែងនោះ មិនព្រមទាំងអនុវត្តទេ សូមប្រើអំ ណាចរបស់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីបិទហាងនោះ ជាបណ្ដោះអាសន្នសិន»។
សម្ដេចតេជោបញ្ជាក់ថាព្រោះគ្មានជម្រើសណាផ្សេងជាងជម្រើសធានាក្នុងការគម្លាតសង្គម គម្លាតបុគ្គល ការពាក់ម៉ា ស និងធ្វើអនាម័យ ទាំងអ្នកចូលទិញ ទាំងអ្នកលក់។សម្ដេចសង្កេតឃើញថា នៅតាមហាងមួយចំនួន ពុំបានបំពេញ គ្រប់គ្រាន់ឡើយ តាមតម្រូវរបស់ក្រសួងសុខាភិបាល។ក៏ប៉ុន្ដែការធ្វេសប្រហែសរបស់ អាជ្ញាធរ រាជធានី-ខេត្ត ទើបមាន ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ទាំងនេះក៏ជាផ្នែកមួយផងដែរ។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩។
សម្ដេចសង្ឃឹមថា ប្រជាជនភាគច្រើនមិនអត់លុយទិញម៉ាស់ទេ ហើយរាជរដ្ឋាភិបាលក៏បានបញ្ចេញម៉ាស់ រាប់លានម៉ាស់ជូនដល់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣៤៦នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយ ចំនួន៣០៦នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យ ចំនួន៤០នាក់៕
ដោយ ៖ អេង ប៊ូឆេង