ព័ត៌មានជាតិ

អភិបាលខេត្តកណ្តាល ប្រគល់ផ្ទះជូនគ្រួសារ រងគ្រោះដោយភ្លើងឆេះ នៅស្រុកខ្សាច់កណ្តាល

កណ្ដាល ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ ដោយក្នុងមួយគ្រួសារ ចំណាយអស់៣៥០០ដុល្លារ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

គ្រួសារដែលអភិបាលខេត្តកណ្ដាល ប្រគល់ផ្ទះជូន រួមមាន ៖ ទី១-គ្រួសារលោកយាយ ខឹម យីម រស់នៅ ភូមិអញ្ជែងក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល និងទី២-គ្រួសារលោកស្រី មឿន ហ៊ីម រស់នៅភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល។

ក្នុងឱកាស លោក គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះ អមដំណើរដោយ លោក -លោកស្រី សមាជិកគណៈកម្មាធិការសាខាខេត្ត ដោយមានការចូលរួមពី លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល និងជាប្រធានអនុសាខាកាកបាទក្រហម ស្រុក និងលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងសហការី អ្នកស្ម័គ្រចិត្តកាកបាទក្រហម ក្រុមប្រឹក្សាឃុំ មេភូមិ ជំនួយការភូមិ អធិការនគបាលស្រុក មេបញ្ជាការស្រុក នាយប៉ុស្ដិ៍រដ្ឋបាលឃុំ៕

To Top