ព័ត៌មានជាតិ

សម្តេចតេជោ បញ្ជាក់ថា គ្មានការដាក់ប្រទេស ក្នុងគ្រាអាសន្នឬបិទប្រទេស និងបិទរាជធានីភ្នំពេញឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា នឹងមិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្ន ទាំងមូល ឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជារ ឱ្យបិទរាជធានីភ្នំពេញ ដូចការឃោសនា ភូតកុហក់ របស់ជនអាក្រក់ដែរ។

សម្តេចតេជោ ឡើងបែបនេះ បន្ទាប់ពីមានការចែកចាយ ពាក្យចចាមអារ៉ាម ថា មានការស្នើសុំដាក់ប្រទេស ក្នុងគ្រាមានអាសន្ន និងការបិទរាជធានីភ្នំពេញ។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ថា កាលពីថ្ងៃទី៦ ខែធ្នូ សម្ដេចបាននិយាយដល់ ការត្រៀមបំរុងទុក នូវលិខិតនានា ដើម្បីនឹងសុំព្រះរាជក្រឹត្យ ដាក់ប្រទេស ក្នុងគ្រាមានអាសន្ន។
ក្នុងពេលជាមួយគ្នា សម្ដេចក៏បានបញ្ជាក់ថា សម្ដេចមិនចង់ទៅដល់ចំណុចនេះទេ ព្រោះវាប៉ះពាល់ធំពេក ដល់សេដ្ឋកិច្ចនិងជីវភាពប្រជាជន ដែលសម្ដេចសុំឱ្យមាន ការចូលរួមពីប្រជាជន ដើម្បីប្រយុទ្ធប្រឆាំង ជាមួយកូវីដ១៩ជំនួសវិញ។

សម្តេចតេជោ មានប្រសាសន៍ថា «ពេញមួយថ្ងៃនេះ ការបំភ្លើសនានា បានកើតឡើងថា នឹងមានការបិទប្រទេស ឬបិទរាជធានីភ្នំពេញ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។ ចំពោះមុខពាក្យភូតកុហក បែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមាន ការស្នើសុំដាក់ ប្រទេសក្នុងគ្រាមានអាសន្នទាំងមូល ឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញ បទបញ្ជារឱ្យបិទរាជធានីភ្នំពេញ ដូចការឃោសនាភូតកុហក់ របស់ជនអាក្រក់នោះដែរ»។

ជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវប្រជាពលរដ្ឋស្ងប់ស្ងាត់កុំភ័យស្លន់ស្លោ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

To Top