ព័ត៌មានជាតិ

ប.ស.ស. កម្ពុជា ធ្វើជាម្ចាស់ផ្ទះ​ កិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល នៃសមាគម សន្តិសុខសង្គមអាស៊ាន លើកទី៣៧ តាមរយៈប្រព័ន្ធវីដេអូ ខណៈដែលកូវីដ-១៩ នៅតែបន្តផ្ទុះឡើង លើសកលលោក

ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គម​ អាស៊ាន [ASEAN Social Security Association (ASSA)] នាព្រឹកថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០ នេះ បានបើកកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល លើកទី៣៧ ក្រោមប្រធានបទស្តីពី “ការពង្រីកការគ្របដណ្តប់ របបសន្តិសុខសង្គម” ។

នេះគឺជាលើកទី១ ដែល ប.ស.ស. កម្ពុជា បានរៀបចំជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន​ លើកទី៣៧ នេះឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដោយមានការចូលរួម ពីតំណាងប្រធាន​ សន្តិសុខសង្គម អាស៊ានទាំង ១០ប្រទេស សរុបចំនួន ២១ស្ថាប័ន ដែលប្រព្រឹត្តទៅ នៅសាលប្រជុំធំនៃ ប.ស.ស. រាជធានីភ្នំពេញ ។

លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ជាប្រធាននៃកិច្ចប្រជុំ ដ៏សំខាន់មួយនេះ ក្រោមការផ្តល់កិត្តិយស ដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម ។ ក្នុងនាមតំណាង​​ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម បានថ្លែងថា៖ រាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការស្វាគមន៍​ ដ៏កក់ក្តៅជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈប្រតិភូ នៃបណ្តាប្រទេសអាស៊ាន ដែលបានចូលរួមក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គម អាស៊ាន (ASEAN Social Security Association, ASSA) លើកទី៣៧ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅព្រះរាជាណាចក្រកម្ពុជា ។

លោកថ្លែងបន្តថា ក្នុងរយៈពេលជាង ៥៣ ឆ្នាំកន្លងមកនេះ អាស៊ានសម្រេចបាន សមិទ្ធផលចម្បងជាច្រើន ជាពិសេសសមិទ្ធផលថ្មីៗ ក្នុងការកសាងសហគមន៍អាស៊ាន ទៅតាមសរសរស្តម្ភទាំងបី គឺសហគមន៍នយោបាយ-សន្តិសុខអាស៊ាន, សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន។ ទន្ទឹមនឹងនេះ យើងក៏បានមើលឃើញ អំពីបញ្ហាប្រឈម និងកិច្ចការជាច្រើន នៅចំពោះមុខ ដែលតម្រូវឲ្យមានការរួបរួមគ្នា ពុះពារជំនះ និងដោះស្រាយ ក្នុងស្ថានភាព ដែលមានការវិវត្ត ប្រែប្រួលយ៉ាងឆាប់រហ័ស នៅក្នុងសភាពការណ៍ នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម ទាំងក្នុងកម្រិតសកល និងទាំងក្នុងកម្រិតតំបន់ ។

ប្រការនេះ តម្រូវឲ្យយើងទាំងអស់គ្នា បង្កើនការខិតខំទ្វេដង បន្ថែមថែមទៀត នៅក្នុងសម័យកាល នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលនៅតែបន្តឆ្លងក្នុងតំបន់ និងជាសកល ដែលជាកត្តានាំឲ្យយើង ត្រូវខិតខំរួបរួមគ្នា ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងការចែករំលែកផ្លៃផ្កា នៃកំណើននេះ ឲ្យបានកាន់តែប្រសើរឡើង ក្នុងបណ្តាប្រទេស ជាសមាជិកអាស៊ានទាំងអស់ ជាពិសេសលើផ្នែក របបសន្តិសុខសង្គម ។

ក្នុងឱកាសនោះ លោកបានវាយតម្លៃខ្ពស់ ចំពោះអង្គភាពសន្តិសុខសង្គម ជាសមាជិក នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ទាំងអស់ និងអង្គការជាតិ-អន្តរជាតិ ដែលបានគាំទ្រ និងផ្តល់នូវកិច្ចសហការ កន្លងមកលើវិស័យ សន្តិសុខសង្គម ក៏ដូចជាទៅអនាគត ក្នុងការចូលរួមចំណែក ចែករំលែកចំណេះដឹង និងបទពិសោធន៍គ្នា ទៅវិញទៅមក សម្រាប់ការអភិវឌ្ឍ ប្រទេសក្រោមបាវចនា “ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ (One vision, One Identity, One Community)” ។

លោកបានបន្តថា ចាប់តាំងពីបេឡាជាតិសន្តិសុខសង្គម នៃក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលជាសមាជិក នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១១ រហូតមកដល់ ពេលបច្ចុប្បន្ននេះ ប.ស.ស. ទទួលបាននូវបទពិសោធន៍ និងចំណេះដឹងជាច្រើន ខាងវិស័យសន្តិសុខសង្គម ព្រមទាំងមានការកោតសរសើរ ពីស្ថាប័នជាតិ និងអន្តរជាតិ ក្នុងការលើកកម្ពស់ ឧត្តមភាព នៃការគ្រប់គ្រងចាត់ចែង ប្រព័ន្ធសន្តិសុខសង្គម និងការអភិវឌ្ឍ ប្រព័ន្ធសន្តិសុខសង្គម ប្រកបដោយថាមវន្ត ។

លោកអគ្គនាយកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវក្របខណ្ឌ គោលនយោបាយជាតិ គាំពារសង្គម ដែលមានលក្ខណៈទូលំទូលាយ ផ្តោតលើសសរស្តម្ភចំនួនពីរ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដែលក្របខណ្ឌ គោលនយោបាយមួយនេះ ដើរតួយ៉ាងសំខាន់ ក្នុងការបង្កើនលទ្ធភាព ទទួលសេវាជំនួយសង្គម និងសន្តិសុខសង្គម សម្រាប់មន្ត្រីសាធារណៈ និងវិស័យឯកជន ព្រមទាំងប្រជាជន នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានឆ្លុះបញ្ចាំង អំពីការយកចិត្តទុកដាក់ យ៉ាងខ្ពស់របស់រាជរដ្ឋាភិបាល ទៅលើការគាំពារ សន្តិសុខប្រាក់ចំណូល របស់ប្រជាពលរដ្ឋគ្រប់រូប និងជាពិសេស គឺការផ្តោតការ យកចិត្តទុកដាក់ជាចម្បង លើការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ និងបានផ្តោតសំខាន់ ទៅលើការដោះស្រាយបញ្ហា របស់ប្រជាពលរដ្ឋក្រីក្រ ជាពិសេសស្ត្រីមានផ្ទៃពោះ ជាអាទិភាព ក្នុងនោះ ប.ស.ស. គឺជាប្រតិបត្តិករតែមួយគត់ ក្នុងការអនុវត្តទៅលើ ប្រព័ន្ធសន្តិសុខសង្គម ។

ទន្ទឹមគ្នានេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា បានសម្រេច ការងារសំខាន់ៗ ស្របតាមផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនោះយុទ្ធសាស្ត្រ ជាអាទិភាពទី៤ “ការអភិវឌ្ឍរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយ ដែលស្ថិតក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ” ដែលរួមមានការពង្រឹង និងពង្រីកការអនុវត្ត ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងត្រៀមដាក់ឱ្យដំណើរការ ផ្នែកប្រាក់សោធន នាពេលដ៏ខ្លីខាងមុខនេះ ព្រមទាំងពង្រីកវិសាលភាព លើរបបសន្តិសុខសង្គម ដែលមានស្រាប់ សំដៅបង្កើនការគាំពារ ដល់ប្រជាពលរដ្ឋគ្រប់រូប ។

លោកអគ្គនាយក បានរំលឹកឱ្យដឹងទៀតថា វិស័យសន្តិសុខសង្គម នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុវត្តអនុលោម តាមច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ឆ្នាំ២០០២ ដែលបច្ចុប្បន្ន មានវិសាលភាពគ្របដណ្តប់ លើផ្នែកចំនួន ៤ រួមមាន៖ ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គលដែលស្ថិតនៅក្នុង វិស័យសាធារណៈ បុគ្គលដែល ស្ថិតនៅក្រោមច្បាប់ ស្តីពីការងារ រួមទាំងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះ ព្រមទាំងបុគ្គលស្វ័យនិយោជន៍ សំដៅធានាបានប្រសិទ្ធភាព និរន្តរភាព សង្គតិភាពនៃការអនុវត្តប្រព័ន្ធ សន្តិសុខសង្គមនៅកម្ពុជា ស្របតាមបរិបទ នៃបណ្តាប្រទេស ក្នុងតំបន់និងសកលលោកផងដែរ ហើយគិតមកទល់ពេលនេះ បេឡាជាតិសន្តិសុខសង្គមកម្ពុជា មានសមាជិកសរុបប្រមាណជាង ២លាននាក់ហើយ ដែលកំពុងទទួលបានការគាំពារ និងប្រើប្រាស់សេវា របបសន្តិសុខសង្គមមួយនេះ។

តាមរយៈនៃកិច្ចប្រជុំនេះឯកឧត្តម សំណូមពរដល់សមាជិកទាំងមូល សូមចូលរួមចែករំលែក ផ្តល់នូវបទពិសោធន៍ ផ្នែកសន្តិសុខសង្គមពីគ្នា ទៅវិញទៅមក ក្នុងនាមជាសមាជិក អង្គភាពសន្តិសុខសង្គម នៃបណ្តាប្រទេសនីមួយៗ ក្នុងការអនុវត្តទទួលបាន ជោគជ័យកន្លងមក ដើម្បីជាធាតុចូលសម្រាប់ ការអភិវឌ្ឍបន្ថែមនូវវិស័យ សន្តិសុខសង្គមរបស់ខ្លួន ឲ្យកាន់តែមានការ អភិវឌ្ឍបន្ថែមទៀត សម្រាប់ប្រទេស ដែលមានការអភិវឌ្ឍតិច ឲ្យមានការអភិវឌ្ឍកាន់តែច្រើន ។

សូមបញ្ជាក់ថា មុនបើកដំណើរការ កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគម សន្តិសុខសង្គមអាស៊ាន (ASSA) នាព្រឹកនេះ លោក Haji Omar bin Mohd. Dali ប្រធានសមាគម សន្តិសុខសង្គមអាស៊ាន (ASSA) និងជានាយកនៃអង្គភាព ETF ប្រទេសព្រុយណេ ដារ៉ូហ្សាឡាម បានថ្លែងតាមរយៈប្រព័ន្ធវីដេអូ ដែលមានខ្លឹមសារថា នេះគឺជាថ្ងៃប្រវត្តិសាស្ត្រ និងជាលើកទី១ ដែលយើងមិនធ្លាប់ជួបប្រទះពីមុន ដែលបានបើកកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល នៃសមាគម សន្តិសុខសង្គមអាស៊ាន (ASSA) តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ។ លោកពិតជាសោកស្តាយខ្លាំងណាស់ ដែលមិនបានមកដល់ផ្ទាល់ នៃទឹកដីទីក្រុងអង្គរ ដ៏អច្ឆរិយមួយនេះ ។

លោក បានថ្លែងបន្តទៀតថា បើទោះបីជាយ៉ាងណាក៏ដោយ សង្ឃឹមថាកិច្ចប្រជុំ នាថ្ងៃនេះ នឹងជម្រុញការទំនាក់ទំនង រវាងប្រទេសជាសមាជិក នៃសមាគម សន្តិសុខសង្គមអាស៊ាន (ASSA) ឱ្យកាន់តែមានភាពជិតស្និទ្ធ និងពង្រឹងចំណងរួមគ្នា ក្នុងការដោះស្រាយ រាល់បញ្ហាប្រឈមនានា នៃកិច្ចដំណើរការ លើវិស័យសន្តិសុខសង្គម តាមបណ្តាប្រទេសរបស់ខ្លួន ៕

To Top