ព័ត៌មានជាតិ

ក្រសួងសាធារណការ អំពាវនាវដល់ម្ចាស់ ក្រុមហ៊ុនដឹកជញ្ជូនតាមនាវា និងប្រជានេសាទ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះខ្យល់បក់បោកខ្លាំង

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើអំពាវនាវដល់ម្ចាស់ ក្រុមហ៊ុនដឹកជញ្ជូន តាមនាវា ម្ចាស់នាវា អ្នកបើកបរនាវា នាវិក និងប្រជានេសាទទាំងអស់ ឲ្យបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ព្រោះថា បច្ចុប្បន្ន អាកាសធាតុនៅតាម តំបន់ឆ្នេរប្រទេសកម្ពុជា កំពុងមានខ្យល់បក់បោកខ្លាំង។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា បច្ចុប្បន្នស្ថាន ភាពអាកាសធាតុនៅ ខេត្តតំបន់ឆ្នេរប្រទេសកម្ពុជា កំពុងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ដែលអាចបង្ក ឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិ។

ក្រសួង សង្កេតឃើញថា «កន្លងមកមានម្ចាស់ទូកមួយចំនួនតូច ពុំបានចូលរួមអនុវត្តទៅតាមការណែនាំ របស់សមត្ថកិច្ច ស្តីពីបញ្ហាអាកាសធាតុឡើយ ដូច្នេះ ក្រសួងសូមធ្វើការអំពាវនាវ ដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន តាមនាវា ម្ចាស់នាវា អ្នកបើកបរនាវា នាវិក និងបងប្អូនប្រជានេសាទទាំងអស់ ឲ្យបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដោយបំពាក់ឧបករណ៍សុវត្ថិភាព ឲ្យបានគ្រប់គ្រាន់ទៅតាម ចំនួនអ្នកដំណើរដែលមាន ដូចជា អាវពោង ពោងកង ពោងសង្គ្រោះ ខ្សែពួរ»។

ក្រសួង ក៏បានផ្ដាំផ្ញើឲ្យត្រូវតាមដានលើបញ្ហាប្រែប្រួលអាកាសធាតុនេះ ឲ្យបានគ្រប់គ្រាន់ ដោយមិនត្រូវចេញទៅឆ្ងាយ ពីច្រាំងនៅ ពេលមានរលកធំៗ និងមានអាកាសធាតុមិនល្អ ឡើយ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ព្រមទាំងចូលរួមអនុវត្ត ឲ្យបានល្អទៅតាមការផ្សព្វផ្សាយ ឬការណែនាំរបស់សមត្ថកិច្ចស្តីពីបញ្ហាអាកាសធាតុនេះ។

ជាងនេះទៅទៀត ក្រសួងសាធារណការ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនតាម នាវា ម្ចាស់នាវា អ្នកបើកបរនាវា នាវិក និងបងប្អូនប្រជានេសាទទាំងអស់ នឹងចូលរួមសហការអនុវត្តឲ្យមាន ប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ៕

ដោយ ៖ អេង ប៊ូឆេង

To Top
×