ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិង ក្រុមគ្រួសារ ត្រូវបានក្រសួងសុខាភិបាលផ្ដល់ការបញ្ជាក់ថា ទទួលបានលទ្ធផល អវិជ្ជមានជំងឺកូវីដ-១៩ទាំងអស់ សម្រាប់ការធ្វើតេស្តលើកទី៣ ដែលជាលើកចុងក្រោយ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីរាត្រី ថ្ងៃទី១២ ធ្នូ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា “ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ថាខ្ញុំ ភរិយា ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតនៅផ្ទះរបស់ខ្ញុំ ចំនួន២០១សំណាក ត្រូវបានក្រសួងសុខាភិបាល ផ្ដល់ការបញ្ជាក់មកថាទទួលបានលទ្ធផល អវិជ្ជមានជំងឺកូវីដ-១៩ទាំងអស់ សម្រាប់ការធ្វើតេស្តលើកទី៣ ដែលជាលើកចុងក្រោយ។
តបនឹងដំណឹងដ៏ល្អនេះ ក្នុងនាមភរិយា ក្រុមគ្រួសារ អ្នកពាក់ព័ន្ធទាំងអស់ និងក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំសូមថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យ ដែលខិតខំយកចិត្តទុកដាក់ បំពេញការងារយកសំណាក និងតាមដានសុខភាពរបស់យើងខ្ញុំទាំងអស់គ្នា តាំងពីដំណាក់កាលដំបូង រហូតដល់បញ្ចប់ការធ្វើតេស្ត និងធ្វើចត្តាឡីស័ក”។
សម្ដេច ស ខេង បានថ្លែងអំណរគុណនិងកោតសរសើរខ្ពស់ ចំពោះស្មារតីសហការខ្ពស់ របស់បងប្អូនជនរួមជាតិទាំងមូល ក្នុងនោះរាប់ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការសុីវិល នគរបាលជាតិ មន្ត្រីពន្ធនាគារ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទាំងអស់ ដែលបានស្ម័គ្រចិត្តធ្វើតេស្ត និងធ្វើចត្តាឡីស័កតាមការណែនាំ របស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះដែរ សម្ដេច សូមថ្លែងអំណរគុណចំពោះជនរួមជាតិទាំងអស់ ដែលបានផ្ញើសារជូនពរ និងមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាពរបស់សម្ដេច និងភរិយា ក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធ នៅក្នុងអំឡុងពេល ធ្វើចត្តាឡីស័កកន្លងមកនេះ។
សម្ដេច ស ខេង សូមអំពាវនាវបងប្អូនជនរួមជាតិទាំងអស់ សូមមេត្តាបន្តអនុវត្តវិធានការ ប្រឆាំងមេរោគកូវីដ១៩ របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដូចជាការធ្វើតេស្តក្នុងករណីសង្ស័យ, ការដាក់ខ្លួននៅដាច់ដោយឡែក, ការពាក់ម៉ាស់ ឬប្រើក្រម៉ាពេលក្អក ឬកណ្ដាស់, លាងដៃ បាញ់អាកុលសម្លាប់មេរោគ, ការរក្សាគម្លាតសុវត្ថិភាព និងកាត់បន្ថយការប្រមូលផ្ដុំ ដោយសារព្រឹត្តិកាណ៍សហគមន៍ ២៨វិច្ឆិកាមិនទាន់បានបញ្ចប់នៅឡេីយ៕