ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ផ្ញើសារអបអរសាទរ ខួបលើកទី២៨ នៃការដាក់បញ្ចូលរមណីយដ្ឋាន អង្គរក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក របស់អង្គការយូណេស្កូ

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាខួបលើកទី២៨ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២០)។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារអបអរសាទរនិងលើកឡើង តាមរយៈគេហទំព័រហ្វេសប៊ុកថា នេះគឺជា ការរំឭកស្មារតីកូនខ្មែរ គ្រប់រូបឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេសគឺសម្តែងនូវការដឹងគុណ ដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរ ដែលបានពលិកម្មដើម្បីបុព្វហេតុ អារ្យធម៌ ដ៏រុងរឿងរបស់ខ្មែរ នាសម័យអតីតកាល និងការតស៊ូ ជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំ ប្រទេសក្នុងការជម្នះ រាល់ឧបសគ្គទាំងឡាយ ការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌ ដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល ។

រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្ត យ៉ាងមុតមំា ក្នុងការអភិរក្សបេតិកភណ្ឌ មួយដ៏អស្ចារ្យនេះ ។ បច្ចុប្បន្នអង្គរវត្តបានក្លាយជា គោលដៅទេសចរណ៍លេខ១ នៅលើពិភពលោក ដោយបានទាក់ទាញភ្ញៀវ ទេសចរអន្តរជាតិ រាប់លាននាក់ មកទស្សនា និងបានស្គាល់ពីសម្បតិ្ត វប្បធម៌ ប្រទេសកម្ពុជា ។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា”កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប” ៕

To Top