បច្ចេកវិទ្យា

ក្រសួងមហាផ្ទៃ​ ពន្យល់ពីសកម្មភាព ឆបោកប្រាក់របស់ឧក្រិដ្ឋជនបច្ចេកវិទ្យា និងក្រើនរំលឹកឲ្យប្រុងប្រយ័ត្ន

ភ្នំពេញ៖ ក្រសួងមហាផ្ទៃពន្យល់ពីសកម្មភាព ឆបោកប្រាក់របស់ឧក្រិដ្ឋជនបច្ចេកវិទ្យា និងក្រើនរំលឹកឲ្យប្រុងប្រយ័ត្ន ខណៈនាពេលថ្មីៗនេះ សកម្មភាពឆបោកប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសលើបណ្តាញទំនាក់ទំនងសង្គម ជាច្រើនករណីបន្តកើតមានឡើង ក្នុងព្រះរាជាណាចក្រកម្ពុជា។

នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា អំពើឆបោកប្រាក់ប្រើប្រាស់ មធ្យោបាយបច្ចេកវិទ្យា (Money Scam) ជាការលួងលោម ឆបោកជនរងគ្រោះថា នឹងឲ្យរបស់មានតម្លៃ ឬប្រាក់ដល់ជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ប្រាក់ មួយចំនួនដើម្បីសម្រួលនីតិវិធី សេវាដឹកជញ្ជូន ឬសេវាពន្ធ ប៉ុន្តែពុំមានរបស់ ឬប្រាក់បានប្រគល់ជូនជនរងគ្រោះ ដូចការសន្យានោះឡើយ។
ដើម្បីសម្រេចគម្រោងឆបោក ដំបូងឧក្រិដ្ឋជនបានស្វែងរកលេខទូរស័ព្ទ ឬអ៊ីម៉ែល របស់ជនរងគ្រោះលើ​ បណ្តាញទំនាក់ទំនងសង្គម គេហទំព័រទិញលក់ ឬគេហទំព័រស្វែងរកការងារជាដើម។

បន្ទាប់មកឧក្រិដ្ឋជនធ្វើការ ទាក់ទងទៅកាន់ជនរងគ្រោះ ដោយប្រើប្រាស់បច្ចេកទេសឆបោក មួយចំនួនដូចខាងក្រោម (មានច្រើនជាងនេះ)៖

១- ប្រាប់ជនរងគ្រោះថា ទទួលបានកេរ្តិ៍មរតកពីសេដ្ឋីក្រៅប្រទេស នូវទឹកប្រាក់រាប់លានដុល្លារអាមេរិក និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់។

២- ប្រាប់ជនរងគ្រោះថា ឈ្នះរង្វាន់ធំពីកម្មវិធីឆ្នោតផ្សេងៗ ដែលមានទំហំទឹកប្រាក់ រាប់ម៉ឺនដុល្លារអាមេរិក និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់។

៣- ប្រាប់ជនរងគ្រោះថា ខ្លួនមានឧបករណ៍និងក្រដាស់បោះពុម្ពប្រាក់ និងតម្រូវប្រាក់កក់ដើម្បីបញ្ជូនឧបករណ៍ទាំងនោះទៅឲ្យជនរងគ្រោះ។

៤- ប្រាប់ជនរងគ្រោះថាឈ្នះរង្វាន់ទទួលបានសិទ្ធិរស់នៅក្រៅប្រទេស និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ។

៥- ប្រាប់ជនរងគ្រោះថាទទួលបានការងារក្រៅប្រទេស និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ។

៦- ដាក់លក់ ឬដេញថ្លៃទំនិញអនឡាញ ដែលមានតម្លៃថោកជាងតម្លៃទីផ្សារ និងតម្រូវជនរងគ្រោះទូទាត់ប្រាក់មុនបញ្ជូនទំនិញ។

៧- ប្រាប់ជនរងគ្រោះថា ពួកគេបានគ្រប់គ្រងកុំព្យូទ័រ ឬទូរស័ព្ទដៃ និងបានថតសកម្មភាពអាក្រាតកាយជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ប្រាក់ ជាថ្នូរនឹងការលុបរូបភាព ឬវីដេអូទាំងនោះ។

៨- ប្រាប់ជនរងគ្រោះថា នឹងទទួលបានប្រាក់ចំនេញទ្វេដង (Money-Flipping) ប្រសិនជនរងគ្រោះបណ្តាក់ទុនជាមួយខ្លួន។

៩- បន្លំគណនីបណ្តាញទំនាក់ទំនងសង្គម ជាបុរស ឬនារីស្អាតៗ ប្រើប្រាស់មនោសញ្ចេតនាឆបោកប្រាក់ ពីជនរងគ្រោះ (Romantic Scam)។

រាល់ឧបាយកលដូចរៀបរាប់ខាងលើ បន្ទាប់ពីទទួលបានប្រាក់ពីជនរងគ្រោះ ឧក្រិដ្ឋជនពុំបានធ្វើតាមការសន្យា ផ្ទុយទៅវិញពួកគេព្យាយាម ប្រើប្រាស់ហេតុផលផ្សេងៗ ដើម្បីទទួលបានប្រាក់ ជាបន្តបន្ទាប់ពីជនរងគ្រោះ។

នាយកដ្ឋានព័ត៌មានវិទ្យា សូមក្រើនរំលឹកបងប្អូន មេត្តាពិចារណា កុំឲ្យក្លាយខ្លួនជាជនរងគ្រោះ និងធ្វើសេចក្តីរាយកាណ៍ ឬដាក់ពាក្យបណ្តឹងដល់ អាជ្ញាធរមានសមត្ថកិច្ច នៅពេលជួបបទល្មើសខាងលើ៕

To Top