ភ្នំពេញ ៖ បន្ទាប់ពីមាន ប្រជាពលរដ្ឋមួយចំនួន ឲ្យលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ ចូលនិវត្តន៍ ក្រោយពីរកឃើញឆ្លងជំងឺកូវីដ-១៩ នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបកស្រាយវិញថា លោក ឆែម សាវុធ និងក្រុមគ្រួសាររបស់លោក គឺជាជនរងគ្រោះ ត្រូវនាំគ្នាប្រឆាំងជំងឺកូវីដ-១៩ មិនមែននាំគ្នាប្រឆាំង ក្រុមគ្រួសារលោក ឆែម សាវុធ ឡើយ ដូច្នេះការដាក់ឲ្យលោកចូលនិវត្តន៍ គឺជាទង្វើអគុណធម៌។
ក្នុងឱកាសថ្លែងសារពិសេស ជូនជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា លោក ឆែម សាវុធ នៅព្រឹកថ្ងៃទី១៥ ធ្នូ នេះ បានជាសះស្បើយពីជំងឺកូវីដ-១៩ និងបានអនុញ្ញាតឲ្យលោក ចេញពីមន្ទីរពេទ្យផងដែរ។
សម្ដេចតេជោ មានប្រសាសន៍ថា «ដែលមានការលើកឡើងថា លោក ឆែម សាវុធ គួរត្រូវតែចូលនិវត្តន៍ដោយសារគាត់បានធ្វើឲ្យមានការភ័យខ្លាចទូទាំងប្រទេស។ខ្ញុំក៏បានតបសារជូនទីប្រឹក្សារបស់ខ្ញុំដែលផ្ដល់ព័ត៌មាននេះ បញ្ជាក់ប្រាប់ថា លោក ឆែម សាវុធ និងភរិយារបស់គាត់ គឺជាជនរងគ្រោះ គួរនាំគ្នាប្រឆាំងជំងឺកូវីដ-១៩ ឯណោះ មិនគួរនាំគ្នាប្រឆាំង លោក ឆែម សាវុធ ភរិយា និងក្រុមគ្រួសារ របស់គាត់ទេ»។
សម្ដេចតេជោ បន្ដថា «ភ័ព្វសំណាងដែរ ដែលយើងគួរអរគុណលោក ឆែម សាវុធ និងភរិយា នៅពេលដែលគាត់មានអា ការៈមិនស្រួលគាត់បានទៅរកគ្រូពេទ្យ យើងបានទទួលព័ត៌មានពិតប្រាកដពីភរិយា លោក ឆែម សាវុធ និងលោក ឆែម សាវុធ ដូច្នេះគួរត្រូវអរគុណគាត់ គាត់មិនមែនជាអ្នកកសាងកំហុសទេ កូវីដទេជាអ្នកវាយប្រហារ បើកូវីដវៃប្រហារលោក ឆែម សាវុធ ហើយ បែរជាយើងនាំគ្នាវៃប្រហារដាក់ឲ្យលោក ឆែម សាវុធ បាត់បង់ការងារទៅទៀត នោះគឺយើងធ្វើទង្វើ មួយអគុណធម៌»។
ឆ្លៀតឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាស្ថិតក្នុងចំណោម ៣៣ប្រទេស ដែលឆ្លងកូវីដក្នុងសហគមន៍បែបចង្កោម និងតាមទីកន្លែងមួយៗ តែមិនមានបណ្តុំច្រើនទេ។សម្ដេចថា ចំណាត់ថ្នាក់នេះ ត្រូវបានវាយតម្លៃ ដោយអង្គការសុខភាពពិភពលោក។
សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ពេលនេះ យើងបានឆ្លងកាត់នូវវិញ្ញាសាដ៏លំបាក។ បើតាមការវាយតម្លៃ ការចម្លងក្នុងសហគមន៍របស់យើងនេះ គឺជាការចម្លងក្នុង សហគមន៍បែបចង្កោម និងតាមទីកន្លែងមួយៗ មិនមានបណ្តុំច្រើន តែក៏មិនទាន់ឆ្លងចូល ក្នុងសហគមន៍ធំ នៅឡើយដែរ»។
សម្ដេចតេជោ ក៏បានរំលឹកថា ការគ្រប់គ្រងបាន ឬមិនបានលើព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺក្នុងរយៈពេល ១៥ថ្ងៃ គិតពីថ្ងៃទី៣០វិច្ឆិកា ហើយវិធីយកឈ្នះលើកូវីដ១៩ គឺត្រូវតាំងខ្លួនជាអ្នកចាញ់។សម្ដេចអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវពាក់ម៉ាស លាងដៃ កុំចេញពីផ្ទះបើមិនចាំបាច់ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ហើយជួយដោះស្រាយស្បៀងអាហារ និងផ្តល់ថវិកាដល់ក្រុមគ្រួសារក្រីក្រ ក្នុង ១គ្រួសារ ២ម៉ឺនរៀល ក្នុង ១ថ្ងៃ ក្នុងពេលគាត់ជាប់ធ្វើចត្តាឡីស័ក។
សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកជំងឺកូវីដ-១៩ចំនួន ៣៦២នាក់ ក្នុងនោះ ចំនួន៣១២នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងចំនួន៥០នាក់ កំពុងសម្រាកព្យាបាលជំងឺ។ដោយឡែក អ្នកឆ្លងជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មានចំនួន ៤១នាក់ ក្នុងនោះ ចំនួន៣នាក់ ជាសះស្បើយ៕
ដោយ ៖ អេង ប៊ូឆេង