ព័ត៌មានជាតិ

ចិន ផ្ដល់ថ្នាំការពារជំងឺឆ្លងអុតក្ដាម គោ-ក្របី ចំនួន ២០ម៉ឺនដូស មកកម្ពុជា

ភ្នំពេញ៖ តបតាមសំណើរចាំបាច់ និងបន្ទាន់របស់កម្ពុជា ,ក្រសួងកសិកម្ម និងកិច្ចការជនបទចិន បានឯកភាពផ្តល់ថ្នាំ ការពារជំងឺឆ្លងអុតក្តាមសត្វ គោ-ក្របី ចំនួន២០០ ០០០ដូស មកដល់ប្រទេសកម្ពុជា។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យ ដឹងថា កាលពីថ្ងៃទី៤ ធ្នូ លោក វេង សាខុន បានស្នើសុំ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម និងកិច្ចការជនបទចិន ជួយផ្តល់ថ្នាំការពារជំងឺឆ្លងអុតក្តាមសត្វ គោ-ក្របី មកប្រទេសកម្ពុជា ដែលប្រទេសកម្ពុជាកំពុងប្រឈម។

ប្រភពដដែល បញ្ជាក់ថា «តបតាមសំណើការចាំបាច់ និងបន្ទាន់របស់កម្ពុជា ក្រសួងកសិកម្ម និងកិច្ចការជនបទចិន កាលពីថ្ងៃទី១៣ ខែធ្នូ បានឯកភាពផ្តល់ថ្នាំការពារជំងឺឆ្លងអុតក្តាម គោ/ក្របី ចំនួន ២០០ ០០០ កម្រិត (Doses) ហើយបានសម្របសម្រួលជាមួយ វិទ្យាស្ថានស្រាវជ្រាវបសុពេទ្យឡានចូវ (Lanzhou Veterinary Research Institute) សមាគមថ្នាំ ពេទ្យ និងបសុពេទ្យចិន (China Veterinary Drug Association) និងក្រុមការ ងារនៃសាកលវិទ្យាល័យកសិកម្មចិន សម្រាប់សម្ព័ន្ធភាពឧស្សាហកម្មឡានឆាង-មេគង្គបសុពេទ្យ និងថ្នាំការពារជំងឺ (China Agriculture University for Lancang-Mekong Veterinary Drug and Vaccine Industry Alliance) ដើម្បីផ្តល់ជូនភាគីកម្ពុជាផ្នែកបច្ចេកទេស និងបង្កើនសមត្ថភាពក្នុងការឃ្លាំមើល ការបង្ការ និងការគ្រប់គ្រងការរាល ដាលជំងឺឆ្លងសត្វ»។

ជាងនេះទៅទៀត លោក វេង សាខុន ក៏បានថ្លែងអំណរចំពោះ ប្រជាជន និងរដ្ឋាភិបាលចិន ដែលបាននិងកំពុងបន្តផ្តល់ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាមួយរដ្ឋាភិបាលកម្ពុជា។ លោកថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ បានចូលរួមជាចំណែកយ៉ាងមានប្រសិទ្ធភាព ក្នុងការជួយរុញកំណើនសេដ្ឋកិច្ច តាមរយ:ការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យកសិកម្មផងដែរ ៕

To Top