ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាង ពេញលេញ ក្នុងការធ្វើការងារជាមួយរដ្ឋបាលរបស់លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិកថ្មី ដើម្បីជំរុញទំនាក់ទំនង ទ្វេភាគីឲ្យកាន់តែល្អ ប្រសើរបន្ថែមទៀត។
យោងតាមលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា សម្ដេចតេជោ បានសម្តែង ការអបអរសាទរចំពោះការជាប់ឆ្នោត របស់លោក ចូ បៃឌិន ដែលបានក្លាយជាប្រធានាធិបតីអាមេរិកទី៤៦។
សម្ដេចតេជោ បន្ដថា បទពិសោធដ៏ធំធេង និងភាពជាអ្នកដឹកនាំដ៏វៀងវៃរបស់ លោក ចូ បៃឌិន គឺជាកត្តាសត្យានុម័ត ក្នុងការទទួលបាននូវទំនុកចិត្តពីប្រជាជនអាម៉េរិក។សម្តេច ក៏បានបង្ហញជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកចូ បៃឌិន សហរដ្ឋអាម៉េរិកនឹងបន្តរីកចម្រើនទៅមុខ និងរួមចំណែកនាំឲ្យពិភពលោក មានសេរីភាព និងវិបុលភាពកាន់តែល្អប្រសើរថែមទៀត។
សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តែងតែផ្តល់សារសំខាន់យ៉ាងធំធេង ដល់ ការពង្រឹង និងពង្រីកនូវទំនាក់ទំនងជាមិត្តភាព ដ៏យូរអង្វែង រវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំនេះ យើងកំពុងតែប្រារព្ធខួបលើកទី៧០។ ខ្ញុំសូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាល របស់ខ្ញុំបានប្តេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការធ្វើការងារជាមួយរដ្ឋបាល របស់ឯកឧត្តម ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អ ប្រសើរបន្ថែមទៀត» ។
សូមរំលឹកថា យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ អង្គបោះឆ្នោតនៅសហរដ្ឋអាមេរិក បានបោះឆ្នោតទទួលស្គាល់ជាផ្លូវការ ហើយលើជ័យជម្នះរបស់ លោក ចូ បៃដិន ដើម្បីឲ្យលោកក្លាយជា ប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក។
លោក ចូ បៃដិន ទទួលបានអង្គបោះឆ្នោត ៣០៦រូប លើស២៧០រូប ដើម្បីក្លាយជាប្រធានាធិបតី ខណៈលោក ដូណាល់ ត្រាំ ទទួលបានអង្គបោះឆ្នោត ២៣២រូប ហើយអង្គបោះឆ្នោតក្នុងរដ្ឋ Swing states ដូចជា រដ្ឋ Arizona, Georgia, Michigan, Nevada, Pennsylvania និង Wisconsin សុទ្ធតែបោះឆ្នោតគាំទ្រ លោក ចូ បៃដិន និងអនុប្រធានាធិបតីជាប់ឆ្នោតលោកស្រី Kamala Harris៕