ព័ត៌មានជាតិ

កម្ពុជា-ចិន ជាប្រទេសជិតខាងល្អ មានភាពជិតស្និទ្ធ រួសរាយរាក់ទាក់បំផុត និងជាសហគមន៍ជោគវាសនារួម ប្រកបដោយអត្ថន័យ

ភ្នំពេញ៖ លោក Wang wen tian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា ចិន-កម្ពុជា គឺជាប្រទេសជិត ខាងល្អដែលមានភាពជិតស្និទ្ធ រួសរាយរាក់ទាក់បំផុត និងជាសហគមន៍ជោគវាសនារួម ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ជាពិសេសតែងតែជួយគ្នាទៅវិញទៅមក។

ក្នុងពិធី ពិព័រណ៍រូបថតមួយ ក្រោមប្រធានបទ «ការអញ្ជើញតាមវិថីសូត្រ» តាមរយៈប្រព័ន្ធOnline លោក Wang wen tian មានប្រសាសន៍ថា «ប្រទេសចិន និងកម្ពុជា គឺជាប្រទេសជិតខាងល្អដែលមាន ភាពជិតស្និទ្ធនិងរួសរាយរាក់ទាក់បំផុត និងជាសហគមន៍ជោគវាសនារួម ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ហើយប្រទេសទាំងពីរបានរួមសុខទុក្ខ និងតែងជួយគ្នាទៅវិញទៅមក»។

លោកបន្ដថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ បានរួមសុខទុក្ខលើក្បូនតែមួយ បានពុះពាររាល់ឧបសគ្គ និងការលំបាក ជាមួយគ្នា បានយកសកម្មភាពជាក់ស្តែង មកបញ្ជាក់ពីអត្ថន័យ ស្នូលនៃសហគមន៍ជោគវាសនារួមរវាង ចិននិងកម្ពុជា ចូលរួមជំរុញកិច្ចទំនាក់ទំនងប្រទេសទាំង ពីររឹតតែល្អប្រសើរថែមមួយកម្រិតទៀត ក្នុងស្ថានភាពនៃការសាកល្បង របស់ជំងឺវីរុសមួយនេះ។

លោកបន្ដថា ចិននិងកម្ពុជា ជាប្រទេសដ៏ចំណាស់ដែល មានអរិយធម៌ដ៏ស្រស់ផូរផង់ ក្នុងប្រវត្តិសាស្រ្តដ៏អស្ចារ្យ។លោកថា អរិយធម៌ចិន និងអរិយធម៌ខ្មែរបានបង្ហាញពីភាព ត្រចះត្រចង់ក្នុងប្រវត្តិសាស្រ្តដ៏យូរអង្វែង បាន រួមចំណែកយ៉ាងសំខាន់ក្នុងដំណើរ អភិវឌ្ឍន៍ឥតឈប់ឈរនៃ អរិយធម៌មនុស្សជាតិ។

លោកទូតថា ជាពិសេស នោះគឺប្រាសាទ Dunhuang Mogao ក្នុងខេត្តកានស៊ុ (Gansu)ប្រទេសចិន និងប្រាសាទអង្គរវត្តក្នុងប្រទេសកម្ពុជា ដែលជាសិល្បៈកម្រិតកំពូលសម្រាប់កិច្ច ទំនាក់ទំនងនិងសិក្សាពីគ្នាទៅវិញទៅមក លើអរិយធម៌មនុស្សជាតិ បានបង្កប់នូវអត្ថន័យមរតកជាប្រវត្តិសាស្រ្ត សម្រាប់ភាពស្និទ្ធស្នាលនៃ មនុស្សសាស្រ្តប្រទេសទាំងពីរ។

ដោយឡែក លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា បានលើកឡើងដែរថា តាមរយៈការតាំងពិព័រណ៍រូបភាព ជាពិសេសគំនូរ ថាំង ខា ភាគីចិនមានបំណងបើកទូលាយឲ្យ ទស្សនិកជននៅក្រៅ ប្រទេស ពិសេសប្រជាជនកម្ពុជាស្វែងយល់ពីវប្បធម៌ និង ទំនៀមទម្លាប់ របស់ជនជាតិភាគតិចនៅភាគពាយ័ព្យ នៃប្រទេសចិន ដែលជាផ្នែកមួយសំរាប់ការកសាងស្ពានផ្លាស់ ប្តូរវប្បធម៌រវាងប្រទេសចិន និងប្រទេសកម្ពុជាផងដែរ។

លោកថា «ខ្ញុំសង្ឃឹមជឿជាក់ថា បងប្អូនជនរួមជាតិ និង មិត្តភក្តិទាំងអស់ បានរីករាយជាមួយការតាំងពិព័រណ៍គំនូរថាំង ខា ទាំងអស់នេះ»។

សូមជម្រាបថា ពិព័រណ៍រូបថតមួយ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់២៤ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ នៅអគារសមាគ មសម្ព័ន្ឋខ្មែរចិននៅកម្ពុជា ជាន់ផ្ទាល់ដី ស្ថិតក្នុងបុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការតាំងពិព័រណ៍រូបថតលើកនេះ រួមមានរូបភាពចំនួន ៨០ផ្ទាំង និងផ្ទាំងគំនូរ ថាំង ខា ដែលជារូបគំនូរបត់ Original Paint មួយចំនួនផងដែរ។ ពិព័រណ៍រូបថតនេះមានពីរផ្នែក ផ្នែកទី១ គឺដើម្បីឆ្លុះបញ្ចាំងពីបរិស្ថានធម្មជាតិ និង វប្បធម៌ ទំនៀមទម្លាប់របស់ប្រជាជនចិនខេត្តកានស៊ុ និង ផ្នែកទី២ បង្ហាញពីប្រសិទិ្ឋភាពនៃការកាត់បន្ថយភាពក្រីក្រ ក្នុងតំបន់ស្វយ័ត កានណាន ជាទីវប្បធម៌ដ៏ចំណាស់ របស់ជនជាតិភាគតិចទីបេ និង របៀបនៃការផ្លាស់ប្តូរអន្តរកម្មរវាង ជនជាតិភាគតិចនិមួយៗនៅក្នុងខេត្តនេះ ៕

To Top