ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ស្នើថ្នាក់ដឹកនាំខេត្តប៉ៃលិន និងភាគីពាក់ព័ន្ធ ឲ្យខិតខំរួមគ្នាអភិវឌ្ឍន៍ខេត្តប៉ៃលិន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើដល់ក្រុមប្រឹក្សាខេត្តប៉ៃលិន អភិបាល អភិបាលរងខេត្ត មន្ទីរអង្គភាពនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្ត ឲ្យខិតខំរួមគ្នាអភិវឌ្ឍន៍ខេត្តប៉ៃលិន ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ នៅសាលាខេត្តប៉ៃលិន សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ក្នុងស្មារតីនេះ សូមស្នើដល់ក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត មន្ទីរ អង្គភាពនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ផ្តល់ការគាំទ្រដល់លោកជំទាវ បាន ស្រីមុំ ដើម្បីបន្តរួមគ្នាថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងខិតខំរួមគ្នាធ្វើការអភិវឌ្ឍន៍ខេត្តប៉ៃលិន ឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យជាបន្តទៀត» ។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលគ្រប់ថ្នាក់ នៃខេត្តប៉ៃលិន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ដែលបានខិតខំរួមគ្នាជំរុញការអភិវឌ្ឍន៍ ខេត្តប៉ៃលិនឲ្យសម្រេចបាន សមិទ្ធផលនានាលើគ្រប់វិស័យ ដោយបានប្រែក្លាយតំបន់នេះពី សមរភូមិប្រយុទ្ធដែលទទួលរង នូវភាពខ្ទេចខ្ទាំយ៉ាងធ្ងន់ធ្ងរ ហើយផ្ទៃដីបានបន្សល់ទុកពោរពេញ ដោយគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឲ្យទៅជាតំបន់ដែលកំពុងមាន ការរីកចម្រើនលើគ្រប់វិស័យ ដូចតំបន់នានា ទូទាំងប្រទេសដែរ។

សម្ដេចក្រឡាហោម បានបន្ថែមថា អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋនៃខេត្តប៉ៃលិន ក៏បានយកចិត្តទុកដាក់ចូលរួម អនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការបង្ការ និង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសកិច្ចខិតខំប្រឹងប្រែងចាត់វិធានការនានា ក្នុងការបង្ការមិនឲ្យមានការចម្លងជំងឺនេះ ក្នុងសហគមន៍ នៅក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ៕

To Top