ព័ត៌មានជាតិ

រាជរដ្ឋាភិបាល សម្រេចយក ឧទ្យានជាតិភ្នំគូលែន និងតំបន់ប្រើប្រាស់ច្រើនយ៉ាង ក្បាលឆាយ ដើម្បីអនុវត្តសាកល្បង គម្រោងបង់ថ្លៃ សេវាកម្មប្រព័ន្ធអេកូឡូស៊ី (PES)

ភ្នំពេញ៖ ក្រសួងបរិស្ថានសូម អំពាវនាវនិងលើកទឹកចិត្ត ចំពោះអ្នកប្រើប្រាស់ទឹក ក្នុងបរិមាណច្រើន (អាជីវកម្ម)ផ្តល់វិភាគទានស្ម័គ្រចិត្ត ឬអាចបង់ព័ន្ធលើការប្រើប្រាស់ទឹក ជាលក្ខណៈពាណិជ្ជកម្ម រួមទាំងអ្នកផលិត និងចែកចាយ ដើម្បីយកថវិកានេះ មកប្រើប្រាស់លើការងារ ការពារប្រព័ន្ធអេកូឡូស៊ី នៅឧទ្យានជាតិជ័យវរ្ម័ន នរោត្តមភ្នំគូលែន ដែលជាអាងទឹកធម្មជាតិ ដ៏ធំសម្រាប់អ្នកខេត្តសៀមរាប»។

ការអំពាវនាវនេះត្រូវបានធ្វើឡើងដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថា ននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២០ ពីលើខ្នងភ្នំគូលែនជាទីដែលលោក បានដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មាន ស្វែងយល់ពីការអនុវត្តសាកល្បង គម្រោងបង់ថ្លៃសេវាកម្ម ប្រព័ន្ធអេកូឡូស៊ី (PES) និង ដើម្បីបញ្ជ្រាប ការយល់ដឹង ដល់សាធារណជនតាមរយៈអ្នកសារព័ត៌មាន។

គម្រោងបង់ថ្លៃ សេវាកម្ម ប្រព័ន្ធអេកូឡូស៊ី (Payment for Ecosystem Services) ឬហៅកាត់ថា ភី អ៊ី អេស (PES) ដែលជាយន្តការ ហិរញ្ញវត្ថុសំដៅដល់«អ្នកប្រើប្រាស់សេវាកម្មប្រព័ន្ធអេកូឡូស៊ីត្រូវបង់ថ្លៃជាសាច់ប្រាក់ ដល់អ្នកដែលការពារប្រព័ន្ធអេកូឡូស៊ី ដើម្បីធានាដល់និរន្តរភាពនៃសេវាកម្មដែលផលិតដោយប្រព័ន្ធអេកូឡូស៊ីនៅតំបន់ណាមួយ។

លោក នេត្រ ភក្រ្តា បានថ្លែងឱ្យដឹងថា តាមការសិក្សា ជាក់ស្តែងទាំងម្ចាស់អាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ធម្មតារស់នៅក្នុងក្រុងសៀមរាប ត្រូវពឹងផ្អែកលើទឹកក្រោមដីប្រមាណ ៨០% ហើយ ២០% ទៀតផ្គត់ផ្គង់ដោយរដ្ឋាករទឹកខេត្ត ហើយការប្រើប្រាស់ទឹកក្រោមដីយ៉ាងខ្លាំងក្លាបែបនេះបានធ្វើឱ្យបរិមាណទឹកក្រោមដី មានការថយចុះ ដែលធ្វើឱ្យការជីកអណ្តូងពីមួយឆ្នាំទៅមួយឆ្នាំកាន់តែជ្រៅទៅៗ។ តាមជំនឿ ទឹកពីភ្នំគូលែន គឺជាទឹកអម្រឹត ហើយការសិក្សាបែបវិទ្យាសាស្ត្រមួយចំនួន ក៏បានបង្ហាញថា ទឹកពីភ្នំគូលែនគឺជាទឹកដែលមានគុណភាពល្អ សម្រាប់ប្រើប្រាស់របស់មនុស្សផងដែរ។

លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ដើម្បីឱ្យមាននិរន្តរភាពសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៅឧទ្យានជាតិភ្នំគូលែន ជាពិសេសទឹកដែលមានប្រភពពីភ្នំគូលែន ចាំបាច់ត្រូវការពារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ីភ្នំគូលែន ដូចជាការទប់ស្កាត់ ការបាត់បង់ ព្រៃឈើ ការស្តារឡើងវិញនូវព្រៃឈើ និងប្រព័ន្ធទឹកធម្មជាតិ ដែលបាត់បង់និងខូចមុខងារ ទប់ស្កាត់ការបំពុលទឹក ក្នុងស្ទឹង និងទឹកក្រោមដី។

បើតាមលោក នេត្រ ភក្ត្រា ក្រសួងបរិស្ថាន និងអ្នកពាក់ពន្ធជាពិសេសថា្នក់ក្រោមជាតិដែលជាអ្នកអនុវត្ត PES ថ្នាក់ខេត្ត បានសម្រេចលើយន្តការនៃការអនុវត្ត និងកៀរគរថវិកាដោយជ្រើសយកជម្រើសសមស្របដែលបានសម្រេចឱ្យអនុវត្ត PES នៅភ្នំគូលែនគឺ៖ ១) ការរួមវិភាគទានដោយស្ម័គ្រចិត្តពីអ្នកប្រើប្រាស់ទឹកក្នុងបរិមាណច្រើន(អាជីវកម្ម) ២)ការបង់ព័ន្ធលើការប្រើប្រាស់ទឹកជាលក្ខណៈពាណិជ្ជកម្មរួមទាំងអ្នកផលិត និងចែកចាយ។
ថវិកាដែលទទួលបាន ពីការអនុវត្តនេះ នឹងត្រូវចូលទៅក្នុងមូលនិធិបរិស្ថាន និងសង្គមដែលគ្រប់គ្រងដោយ ក្រសួងបរិស្ថានដើម្បីអាចប្រើប្រាស់ដើម្បីការពារប្រព័ន្ធអេកូឡូស៊ីននៅភ្នំគូលែន។ ឧទ្យានជាតិភ្នំគូលែននៅ ខេត្តសៀមរាប និងតំបន់ប្រើប្រាស់ច្រើនយ៉ាងក្បាលឆាយក្នុងខេត្តព្រះសីហនុគឺជាទីតាំង ២ ដែលរាជរដ្ឋាភិ បាលសម្រេចយកដើម្បីអនុវត្តសាកល្បងគម្រោងបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា តាមការវិភាគទានប៉ាន់ស្មានពីការអនុវត្តPES សម្រាប់ឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលែន ក្នុងខេត្តសៀមរាប ប្រសិនបើជម្រើស នៃការប្រមូលការបង់ថ្លៃអេកូឡូស៊ី ខាងលើត្រូវបានអនុវត្តពេញលេញនោះ យើងអាចមានលទ្ធភាពប្រមូលថវិកាបានពី២,៩ ទៅ៣,៩លានដុល្លារ ក្នុង១ឆ្នាំ។ ថវិកាដែលប្រមូលបានពីការអនុវត្តសាកល្បងPES នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការថែរក្សា ការពារ និងស្តាមុខងារប្រព័ន្ធអេកូឡូស៊ីនៅតំបន់ដែលបានអនុវត្ត ដូចជាការការពារ និងស្តារព្រៃឈើនៅតំបន់ផ្ទៃរងទឹកភ្លៀង ឬទីជម្រាល ការស្តារប្រព័ន្ធផ្លូវទឹកធម្មជាតិដែលរងការខូចខាត ការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់កម្រិតជីវៈភាពសហគមន៍ដែលជាអ្នកមានតួនាទីក្នុងការពារតំបន់ខ្សែទឹកខាងលើ៕

To Top