ព័ត៌មានជាតិ

កងពលតូចដឹកជញ្ជូនលេខ៩៩ បញ្ជូនរថយន្ត ១០គ្រឿងបន្ថែម ទៅកាន់ច្រកអូស្មាច់ ដើម្បីដឹកពលករមកពីថៃ

ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជូនរថយន្តចំនួន ១០គ្រឿង រួមជាមួយទាហាន ២០នាក់ ទៅកាន់ច្រកអូស្មាច់ ដើម្បីដឹកពលករខ្មែរមកពីថៃ តាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ។http://facebook.com/dapnewsfb/videos/1082110892252551

សូមរំលឹកថា កាលពីថ្ងៃទី១៩ និង២០ ធ្នូ ប្រទេសថៃ បានផ្ទុះឡើងនូវការឆ្លង រាលដាលនៃវីរុសកូវីដ១៩ នៅខេត្តសាមុតសាខន មានរហូតដល់ជាង ៥០០នាក់ដែលបានឆ្លង ហើយភាគច្រើនជាប្រជាជនភូមាបានបម្លាស់ទី មកធ្វើការនៅ ក្នុងខេត្តនោះ ។

គួរឲ្យដឹងផងដែរថា កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ក៏បានបញ្ជូនរថយន្តចំនួន ៩០គ្រឿង ទៅកាន់គោលដៅក្នុងច្រកព្រំដែនអូស្មាច់ និងច្រកព្រំដែនដូង។

ភ្លាមៗពាក់ព័ន្ធនឹងបញ្ហានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានផ្ញើរសារជាសំឡេងជូនជនរួមជាតិ អំពីស្ថានភាព និងការផ្ទុះឡើងនូវការឆ្លងជម្ងឺកូវីដ១៩ នៅក្នុងប្រទេសថៃ រួមទាំងបានណែនាំដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ដើម្បីទប់ស្កាត់បង្កជម្ងឺកូវីដ១៩ ។

ក្នុងខ្លឹមសារនោះ សម្តេចតេជោ បានបញ្ជាឲ្យកងទ័ពចេញរថយន្ត ទៅដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ដោយត្រៀមទទួលបទបញ្ជា ពីអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក ត្រូវចេញទៅទាំងយប់ ទៅកាន់៣ច្រក ដែលបានត្រៀមបម្រុងទុក សម្រាប់ច្រកអូស្មាច់ ច្រកដូង និងច្រកប៉ោយប៉ែត ដោយមិនអនុញ្ញាតិឲ្យបងប្អូន ប្រជាពលរដ្ឋចូលមកកម្ពុជា ធ្វើដំណើរដោយរថយន្តតាក់ស៊ី និងធ្វើដំណើរបែកខ្ញែក ដែលខ្វះការគ្រប់គ្រង នាំទៅដល់ហានិភ័យ ឆ្លងចូលសហគមន៍ ៕

To Top