ព័ត៌មានជាតិ

ដំឡើងពន្ធ លើផលិតផលថ្នាំជក់ ជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ធ្វើឲ្យកម្ពុជា ទទួលចំណូលបន្ថែម ក្នុងដំណាក់ កាលកូវីដ-១៩

ភ្នំពេញ ៖ លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា បានថ្លែងថា ការដំឡើងពន្ធ លើផលិតផលថ្នាំជក់ ជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ដែលធ្វើឲ្យកម្ពុជា ទទួលប្រាក់ចំណូលបន្ថែម ជាពិសេស ក្នុងដំណាក់កាលកម្ពុជាជួបវិបត្តិកូវីដ-១៩ ។

យោងតាមសេចក្ដីប្រកាស ព័ត៌មាន របស់អង្គការចលនា ដើម្បីសុខភាពកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែល មានអត្រាពន្ធលើ ផលិតផលថ្នាំជក់ទាបជាងគេ នៅក្នុងតំបន់អាស៊ាន ។ បច្ចុប្បន្ន អត្រាពន្ធលើផលិតផលថ្នាំជក់ធៀបតំលៃលក់រាយនៅកម្ពុជា មានត្រឹមតែ ២៥% ចំពោះបារីក្នុងស្រុក និង៣១.១% ប៉ុណ្ណោះ ចំពោះបារី នាំចូល ខណៈប្រទេសថៃ មានអត្រាពន្ធធៀបតំលៃ លក់រាយ ៧០% សិង្ហបុរី ៦៧.៥% និងភូមា ៥០%ទៅ៦០% ។

ជាងនេះទៅទៀត កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម ២៣៥លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំខាងមុខ និង៩៣៣លានដុល្លារ ក្នុងរយៈពេល១៥ឆ្នាំខាងមុខ បើកម្ពុជា ដំឡើងពន្ធលើផលិតផលថ្នាំជក់រហូតដល់ ៧៥%នៃតំលៃបារីលក់រាយ ។ នេះបើយោងតាមការសិក្សារបស់ អង្គការសហប្រជាជាតិ ស្ដីពីការវិនិយោគលើការត្រួត ពិនិត្យផលិតផលថ្នាំជក់ឆ្នាំ២០១៩។

បន្ថែមពីនេះ ការដំឡើងពន្ធថ្នាំជក់ នឹងកាត់បន្ថយអត្រា ស្លាប់ ជំងឺ និងពិការភាព ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់ ក្នុងន័យនេះ អាចបញ្ជក់ថាទុក្ខវេទនា របស់ប្រជាពលរដ្ឋ ក៏បានកាត់បន្ថយ។ការដំឡើងពន្ធលើផលិតផលថ្នាំជក់ គឺជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋកម្ពុជា ៨០% គាំទ្រឲ្យមានការដំឡើងពន្ធលើផលិតផលថ្នាំជក់ និងដំឡើងថ្លៃតម្លៃបារី (ការអង្កេតថ្នាក់ជាតិ របស់ក្រសួងផែនការឆ្នាំ២០១៤ លើមនុស្សពេញវ័យ ស្ដីពីថ្នាំជក់នៅកម្ពុជា)។

ប្រភពដដែល បន្ថែមថា មិនតែប៉ុណ្ណោះកម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញាស្ដីពី ការត្រួតពិនិត្យថ្នាំជក់ដែលមានកាតព្វកិច្ច ដំឡើងពន្ធលើផលិតផលថ្នាំជក់ ដើម្បីបង្ហាញការប្ដេជ្ញាចិត្តអនុវត្តអនុសញ្ញានេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន លោក មុំ គង់ បានបញ្ជាក់ថា «ការដំឡើងពន្ធលើផលិតផលថ្នាំជក់ជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះដែលធ្វើឱ្យកម្ពុជាទទួលបាន ប្រាក់ចំណូលបន្ថែម ជាពិសេសក្នុងដំណាក់កាល ប្រទេសយើងជួបវិបត្តិកូវីត១៩ ព្រមទាំងអាចកាត់បន្ថយផលប៉ះពាល់ដែលបណ្ដាលមកពីការប្រើប្រាស់ផលិតផលថ្នាំជក់ផងដែរ»។

បើយោងតាមការសិក្សា របស់ការអង្គការសហ ប្រជាជាតិ ពលរដ្ឋកម្ពុជាចំនួន១៥ ០០០នាក់ស្លាប់ជា រៀងរាល់ឆ្នាំដោយសារជំងឺបង្ក ដោយការប្រើប្រាស់ថ្នាំជក់។ ការប្រើប្រាស់ថ្នាំជក់បណ្ដាល ឲ្យខាតបង់ទឹកប្រាក់ ៦៤៩លានដុល្លាក្នុងមួយឆ្នាំ ដែលស្មើនឹង ៣% នៃផលិតផលក្នុង ស្រុកសរុបរបស់កម្ពុជា ។ ក្នុងនោះ ៥៨៤លានដុល្លា បណ្ដាលមកពីការខាតបង់ផលិតភាពសេដ្ឋកិច្ច គឺមរណភាពមុនអាយុកំណត់ ផលិតភាពធ្លាក់ចុះពីការសម្រាកជក់បារី និងអវត្តមានពីការងារ ជាដើម៕

To Top