កំពង់ចាម ៖ ក្រោយពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃរ៍ទី២៦ ខែធ្នូឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យមើលការរៀបកន្លែងសម្រាប់ធ្វើចត្តាឡីស័ក សម្រាប់បងប្អូនប្រជាពលរដ្ឋ និងពលករចំណូលស្រុក ដែលមានការពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដែលគិតមកដល់ពេលនេះ បានរៀបចំគ្រែចំនួន ៧៥៦គ្រែ ដែលមានទីតាំងស្តិតនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ក្នុងក្រុងកំពង់ចាម ។
តាមមន្ត្រី នៃមន្ទីរសុខាភិបាល បានអោយដឹងថា ក្នុងចំនួន ៧៥៦ គ្រែនោះ មានចំនួន ៦៥ គ្រែ នៅមន្ទីរពេទ្យបង្អែកខេត្ត សម្រាប់ព្យាបាល អ្នកផ្ទុកជំងឺកូវីដ.១៩ រីឯមណ្ឌលសម្រាប់ធ្វើចត្តាឡីស័ក កម្រិត២ ចំនួនពីរកន្លែង គឺនៅសណ្ឋាគារមេគង្គមួយកន្លែង និងនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម មួយកន្លែងទៀត សរុបចំនួន ៦៩១ គ្រែ។
បប្រភពដដែលបានឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ មានបងប្អូនពលករ ត្រឡប់មកពីប្រទេសថៃ បានចំនួន ១២ នាក់ កំពុងធ្វើចត្តាឡីស័ក នៅសណ្ឋាគារមេគង្គ ត្រូវបានទទួលពីព្រំដែនប្រទេសថៃ ហើយឥឡូវនេះកំពុងរង់ចាំទទួលបន្ថែមទៀតផងដែរ។