ភ្នំពេញ ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា ការប្រមាថដល់អង្គព្រះមហាក្សត្រ មិនមែនជាការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះទេ តែជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញតិនៃមាត្រា៤៣៧ស្ទួន។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ លោក ជិន ម៉ាលីន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា តបតាមការស្នើសុំរបស់អ្នកសារព័ត៌មានលោកបញ្ជាក់ជូន៣ចំណុច អំពីទិដ្ឋភាពច្បាប់នៃការចេញអធិបញ្ជារបស់ លោក កេីត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ នាពេលថ្មីៗនេះដូចខាងក្រោម៖
ទី១-ការប្រមាថដល់អង្គព្រះមហាក្សត្រ មិនមែនជាការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះទេ តែជាបទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទាទោសតាមបញ្ញតិនៃមាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរផងដែរលើស្មារតីមាត្រា៧ នៃរដ្ឋធម្មនុញ្ញកម្ពុជា។
ទី២-ការចេញអធិបញ្ជារបស់រដ្ឋមន្រ្តីយុត្តិធម៌ មិនមែនជាការធ្វើតាមការបង្គាប់បញ្ជារបស់ស្ថាប័នឬឥស្សរជនណានោះទេ តែគឺជាការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជារដ្ឋមន្រ្តីយុត្តិធម៌ និងស្របតាមបញ្ញត្តិមាត្រា២៩ នៃក្រមនីតិវិធិព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅការពារសេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់អង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ។
និងទី៣-ការចេញអធិបញ្ជារបស់រដ្ឋមន្រ្តី យុត្តិធម៌ដល់ស្ថាប័នអយ្យការ មិនមែនជាការរំលោភបំពានលើអំណាចតុលាការនោះទេ ព្រោះថារដ្ឋមន្រ្តីយុត្តិធម៌ជាប្រធានថានានុក្រមនៃស្ថាប័នអយ្យការ ដែលតំណាងឱ្យស្ថាប័ននីតិប្រត្តិបត្តិ ក្នុងការអនុវត្តនយោបាយព្រហ្មទណ្ឌរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅការពារនិងថែរក្សាសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងផលប្រយោជន៍ជាតិ៕