ភ្នំពេញ ៖ លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ បានឲ្យដឹងថា នាពេលថ្មីៗនេះ ថៃ-កម្ពុជា ធ្វើការរួមគ្នាកាត់បន្ថយ ផលប៉ះពាល់នៃការរីករាលដាល ជំងឺកូវីដ-១៩ ទៅលើផ្នែក សេដ្ឋកិច្ច-សង្គមរបស់ ដោយបើកផ្លូវ សម្រាប់កិច្ចសហប្រតិ បត្តិការ កាន់តែជិតស្និទ្ធដើម្បីដោះស្រាយ បញ្ហាប្រឈមទាំងក្នុងតំបន់ និងអន្តរជាតិ។
តាមរយៈសារលិខិតផ្ញើជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសខួប អនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាង ថៃ-កម្ពុជា ដែលចេញផ្សាយ នាពេលថ្មីៗនេះ លោក ប្រាយុទ្ធ ច័ន្ទអូឆា បានថ្លែងថាទំនាក់ទំនងរវាង ថៃ-កម្ពុជា កាន់តែមានភាពរឹងមាំជាងពេល ណាទាំងអស់ ជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏ធំទូលាយ និងផលប្រយោជន៍រួមលើគ្រប់វិស័យ។
លោកបញ្ជាក់ យ៉ាងដូច្នេះថា «ថ្មីៗនេះយើង (ថៃ-កម្ពុជា) ក៏បានធ្វើការរួមគ្នា ក្នុងការកាត់បន្ថយ ផលប៉ះពាល់នៃការរីករា លដាលនៃជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ច និងសង្គមរបស់យើងផងដែរ ដែលបើកផ្លូវសម្រាប់ កិច្ចសហប្រតិបត្តិការឲ្យ កាន់តែជិតស្និទ្ធថែមទៀតដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិ នាពេលអនាគត»។
លោកបន្ដថា ជាប្រទេសជិតខាង ជាមិត្តតំបន់ព្រំដែន របស់ ថៃ-កម្ពុជា កំពុងទទួលបាននូវស្ថិរភាព និងសន្តិភាព យូរអង្វែ ងដោយមានពាណិជ្ជកម្ម ឆ្លងដែនរីកចម្រើន ឥតឈប់ឈរ ដែលនាំមកនូវ ការងារបន្ថែម និង បានលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាជន ថៃ-កម្ពុជា ងឲ្យកាន់តែប្រសើរឡើង។
លោកបន្ថែមថា «ពាណិជ្ជកម្មទ្វេភាគី របស់យើងបានកើនឡើងយ៉ាងលឿន គួរឲ្យកត់សម្គាល់ ពីប្រមាណ៣០០ លានដុល្លារអាមេរិកកាលពី២០ឆ្នាំមុន មកជាង៩ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៩។ ការវិនិយោគ របស់ថៃនៅ កម្ពុជា បានកើនឡើង ដោយបានរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា ស្របពេលដែលសេដ្ឋកិច្ច ថែទទួលបាននូវ អត្ថប្រយោជន៍ យ៉ាងច្រើនពីកម្លាំង ពលកម្មនិងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជា ផងដែរ»។
ជាងនេះទៅទៀត លោកនាយករដ្ឋមន្ដ្រីថៃ ក៏បានបញ្ជាក់ថា ថៃ-កម្ពុជា ក៏បានទទួលនូវវឌ្ឍនភាព ដ៏ល្អប្រសើរក្នុងការត ភ្ជាប់រវាងប្រទេសទាំង ដែលស្តែងចេញ តាមរយៈ ស្ពានមិត្តភាពថៃ-កម្ពុជា (បានណងអៀន-ស្ទឹងបត់) ដែលតភ្ជាប់ខេត្ត ស្រះកែវ និងខេត្តបន្ទាយមានជ័យ និងការស្តារឡើងវិញនូវសេវាកម្ម ផ្លូវដែក ដែលនឹងតភ្ជាប់ សហគមន៍នៃប្រទេសថៃ និងកម្ពុជា ក្នុងពេលឆាប់ៗព្រមទាំងនិងរួមចំណែក ដល់លំហូរពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ចំពោះវិស័យអប់រំ លោកនាយករដ្ឋមន្ដ្រីថៃលើកឡើងថា នៅក្នុងវិស័យអប់រំ វិទ្យាស្ថាន បច្ចេកវិទ្យាកំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យា កំពង់ស្ពឺ គឺជាគំរូនៃភាពជោគជ័យសម្រាប់ស្ថាប័នវិជ្ជាជីវៈ ដទៃទៀត ហើយបានផ្តល់ឱកាស ជាច្រើនដល់យុវជន កម្ពុជា ដើម្បីទទួលបានភាពជោគជ័យ។
ជាងនេះទៅទៀត លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ បានលើកឡើងថា ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៥០ នៃការបង្កើតទំនាក់ទំនង ការទូតរបស់ថៃ-កម្ពុជា និងរយាងទៅលើ វឌ្ឍនភាពដ៏ប្រសើរ ដែលយើងបានបង្កើតឡើងក្នុងនាម ជាអ្នកជិតខាងល្អ និងជា ដៃគូ ក្នុងតំបន់ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនថៃ លោកជូនពរយ៉ាងកក់ក្តៅជាទីបំផុត ជូនចំពោះ សម្តេចតេជោ និងប្រជាជនកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលនេះ។
លោកមានជំនឿ យ៉ាងមុតមាំថា មិត្តភាពរវាងថៃ និង កម្ពុជា មានភាពរឹងមាំ និង ឋិតថេរ ហើយប្រជាជនថៃ និង កម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ នឹងបន្តធ្វើការជាមួយ គ្នាឆ្ពោះទៅរកអនាគត ដ៏ត្រចះត្រចង់មួយ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍរួមគ្នា៕
ដោយ ៖ អេង ប៊ូឆេង