ព័ត៌មានជាតិ

កម្ពុជាក្លាយ ជាប្រទេស ផលិតប្រេង ក្នុងចំណោម ប្រទេសមួយចំនួនតូ ចលើពិភពលោក

ភ្នំពេញ ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា កម្ពុជាបានក្លាយជាប្រទេសផលិតប្រេង ក្នុងចំណោមប្រទេសមួយចំនួនតូច ក្នុងពិភពលោក ដែលកូនខ្មែរសម័យតេជោ គួរមានមោទកភាព។
រដ្ឋមន្ដ្រីក្រសួងរ៉ែ លើកឡើងបែបនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហោះសារនៅលើ បណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងចាប់ផ្តើមផលិតចេ ញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ ធ្នូ នេះ ដែលគាប់ជួ នជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។

សម្ដេចតេជោ បន្ដថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ បានបង្កលក្ខណៈសម្បត្តិគ្រប់យ៉ាងឲ្យប្រជាជនកម្ពុជា មានដំណក់ប្រេង លើកដំបូងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។

យោងតាមលិខិតរបស់ ក្រសួងរ៉ែ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ លោក ស៊ុយ សែម បានថ្លែងថា ដំណក់ប្រេងដំបូងដែ លកម្ពុជាទទួលបាន នៅថ្ងៃទី២៩ ធ្នូ នេះ ជាលទ្ធផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូបនៃជោគជ័យ របស់ជាតិកម្ពុជាទាំ ងមូល ដែលប្រជាពលរដ្ឋទូទាំងប្រទេស បានទន្ទឹមរង់ចាំជាច្រើនជំនាន់មកហើយ។

លោកបញ្ជាក់ថា «ថ្ងៃនេះ (ថ្ងៃទី២៩ ធ្នូ ) កម្ពុជាបានក្លាយជាប្រទេសផលិតប្រេងមួយដែរ ក្នុងចំណោមប្រទេសមួយ ចំនួនតូចក្នុងពិភពលោកដែលកូនខ្មែរសម័យតេជោ គួរមានមោទនភាព។ក្នុងនាមថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងរ៉ែ និងថាមពល យើងខ្ញុំ សូមអបអរសាទរដោយស្មោះអស់ពីដួងចិត្ត ចំពោះសមិទ្ធផលថ្មីនៃនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបង្ហាញចេញជាផ្លែផ្កាក្នុងថ្ងៃនេះ»។

លោកបន្តថា ក្ដីស្រមៃជាយូរមកហើយបានក្លាយជាការពិត ក៏អាស្រ័យដោយសន្តិភាពយូរអង្វែងដែល សម្ដេចតេជោ បានកសាង និងថែរក្សាដោយយកជីវិតជាដើមទុន លើសពីនេះទៅទៀតការដឹកនាំដ៏ភ្លឺស្វាងបានផ្តល់នូវទំនុកចិត្ត សម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការដាក់ទុនដ៏សន្ធឹកសន្ធាប់ និងជាបន្តបន្ទាប់ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីក្រសួងរ៉ែ ក៏បានលើកឡើងថា ទោះជាវិស័យប្រេងកាត ដែលត្រូវការវិនិយោគខ្ពស់ហើយត្រូវប្រឈមហានិភ័យខ្ពស់ដូចគ្នាក៏តួអង្គទាំងឡាយនៅក្នុងជោគជ័យថ្ងៃនេះ នៅតែជម្នះបានដោយក្ដីជឿជាក់ក្នុងចិត្ត និងក្នុងការដឹកនាំរបស់សម្ដេចតេជោ។ ដំណក់ប្រេងដំបូងរបស់កម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោក ដ៏លំបាកគំរាមកំហែង ដោយមេរោគរាតត្បាត កូវីដ-១៩ គឺជាសក្ខីភាពនៃការខំប្រឹងប្រែងអំណត់ព្យាយាម និងពុះពារលុះត្រាសម្រេចបានរបស់រាជរដ្ឋាភិបាល និងវិនិយោគិន ដែលគួរឲ្យកោតស្ញប់ស្ញែង ផងដែរ៕

ដោយ ៖ អេង ប៊ូឆេង

To Top