ភ្នំពេញ ៖ ក្នុងឱកាសថ្លែងសារពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបាន ប្រាប់សិស្សានុសិស្សថ្នាក់ទី១២ទាំងអស់ឲ្យចំណាំមុខពួកក្រុមប្រឆាំងនៅក្រៅប្រទេស ដោយសារតែពួកគេប្រឆាំងការជាប់ប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០ ដោយស្វ័យប្រវត្តិ។
យោងតាមសេចក្ដីជូនដំណឹងក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៦ ធ្នូគឺក្រសួងកំណត់ឲ្យជាប់ជាស្ថាពរ ចំពោះបេក្ខ ជនទាំងអស់ដែលបានចុះឈ្មោះប្រឡង ដោយគ្មានការកំណត់និទ្ទេស ដោយអនុវត្តតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន។
ក្នុងពិធីថ្លែងសារពិសេសពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» និងសមិទ្ធផលកើតពីនយោបាយ ឈ្នះ-ឈ្នះ នៅ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមយកឱកាសនេះជម្រាបជូន ចៅៗ ឪពុក-ម្តាយ សិស្ស ដែលជាប់បាក់ឌុបមាន ក្រុមពួកជ្រួលនិយមមួយចំនួនបានចោទ ខ្ញុំ ករុណាខ្ញុំថា ធ្វើឲ្យខូចប្រព័ន្ធអប់ រំ ប៉ុន្ដែ ក្មួយៗ ចៅៗ តាមិនអាចទុក ឲ្យ ចៅៗ តែលតោលដោយអត់ដឹងថា ចៅវិវត្តន៍បែបណាទេ តាយកការទទួលខុសត្រូវ ក្នុងឋានៈជានាយករដ្ឋមន្ដ្រី ឲ្យប្រឡងក៏អត់បាន តែត្រូវធ្វើម៉េច? ចឹងយើងឲ្យជាប់ទាំងអស់គ្នា ដោយគ្មាននិទ្ទេស» ។
សម្ដេចតេជោ មានប្រសាសន៍បន្ដថា «សូមអ្នកឯងកុំភ័ន្តច្រលំឲ្យសោះ នៅស្រុកខ្មែរមានកូនសិស្សរាប់លាននាក់ នៅពេលនេះហើយកំពុងតែពង្រឹងសមត្ថភាព ប៉ុន្ដែករណីឆ្នាំនេះ ជាករណីពិសេស ដែលតម្រូវឲ្យមានការជាប់ទាំងអស់គ្នា ដើម្បីឲ្យចៅៗមានលទ្ធភាពចុះឈ្មោះចូលរៀនឧត្តមសិក្សា មហាវិទ្យាល័យនេះ មហាវិទ្យាល័យនោះ ឬក៏បាន សញ្ញាប័ត្របាក់ឌុបមួយ យកទៅធ្វើការងារនេះ ការងារនោះ ចៅៗច្រណាំមុខពួកហ្នឹង (ក្រុមប្រឆាំង) អ្នកនោះប្រឆាំង ការជាប់របស់ចៅៗ តា ទទួលរងគ្រោះ តែមិនអីទេ តា ទទួលរងគ្រោះ ដើម្បីការពារចៅៗរាប់ម៉ឺននាក់»។
សម្ដេចតេជោ បន្ដថា សិស្សានុសិស្សថ្នាក់ទី ១២ទាំងអស់ ដែលបានជាប់ដោយ ស្វ័យប្រវត្តិ ឆ្នាំសិស្សា ២០១៩-២០២០ គ្រាន់តែគ្មាននិទ្ទេសតែប៉ុណ្ណោះ។
ជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានកំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ជាថ្ងៃបើក បវេសនកាលថ្មី ឆ្នាំសិក្សា២០២០-២០២១ ហើយក្រសួងសុខាភិបាល ក៏ត្រូវចូលរួមវិធានការទប់ស្កាតជំងឺកូវីដ-១៩ នៅតាមសាលារៀនផងដែរ។
សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានចារ តាមសំណើររបស់ ឯកឧត្តម ហង់ ជួនណារ៉ុន ពីម្សិលមិញហើយឲ្យយកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ គឺជាថ្ងៃបើក បវេសនកាល ឆ្នាំ២០២០ និងឆ្នាំ២០២១ គឺយកថ្ងៃទី១១ មករា តែម្ដង ដើម្បីបើកបវេសនកាល»។
សូមបញ្ជាក់ថា បន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន កំណត់យកថ្ងៃទី១១ មករា បើកបវេសនកាល ក្រសួង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក៏បានចេញសេចក្តីណែនាំ ដោយអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន (សាលាឯកជន) បើកដំណើរការឡើងវិញ នៅចាប់ពីថ្ងៃនេះតទៅ ខណៈការបើកបវេសនាកាលឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ (សាលារដ្ឋ) កំណត់យកចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១៕ ដោយ អេង ប៊ូឆេង