ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានព្រមានចាប់ខ្លួនលោក ចាន់ យ៉េត ប្រធានគណបក្ស នគរប្រជាធិបតេយ្យ ដែលដើរយកលុយ ពីប្រជាពលរដ្ឋ ជាថ្នូរនឹងការជួយដោះស្រាយ បញ្ហាដីធ្លីរបស់ពួកគេ នៅតំបន់បឹងជង្រុក ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ជាមួយគ្នានោះ សម្ដេចផ្ដាំផ្ញើថា «បើមិនចង់ជាប់គុក ដកខ្លួនចេញឲ្យឆ្ងាយ»។
ក្នុងពិធីថ្លែងសារពិសេស ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» និងសមិទ្ធផលកើតពីនយោបាយ ឈ្នះ-ឈ្នះ នៅ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចមានភស្តុតាងគ្រប់គ្រាន់ សម្រាប់ចាប់ខ្លួន លោក ចាន់ យ៉េត នៅពេលណាក៏បានដែរ ។ តែសម្ដេច មិនចង់អនុវត្តវិធានការភ្លាមៗ ដោយចង់ទុកពេលឲ្យ លោកកែខ្លួន ដោយត្រូវសងប្រាក់ទៅប្រជាពលរដ្ឋវិញ ដើម្បីបញ្ចៀសការចាប់ខ្លួន។
សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមឲ្យលោក ចាន់ យ៉េត ដកខ្លួនឲ្យឆាប់ ចាន់ យ៉េត ជាប្រធានគណបក្សនយោបាយមួយ ស្ថិតនៅក្នុងក្រុមឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ប៉ុន្ដែដោយសារធ្វើសកម្មភាពបំផ្លិចបំផ្លាញ ខ្ញុំបានដកចេញពីតំណែង ។ បន្ទាប់ពីដកចេញដំណែង ចាន់ យ៉េត បានដើរបោកប្រាស់ ប្រជាពលរដ្ឋច្រើនណាស់ ខ្ញុំមានឯកសារគ្រប់គ្រាន់ ដើម្បីចាប់ខ្លួន ចាន់ យ៉េត ហើយ»។
សម្ដេចតេជោ បន្ថែមថា ក្រៅពីលោក ចាន់ យ៉េត ក៏មានមនុស្សផ្សេងទៀត ដែលជាក្រុមបក្ខពួករបស់លោក ចាន់ យ៉េត ដែលជាមេខ្យល់ដើរ បោកលុយប្រជាពលរដ្ឋ ពាក់ព័ន្ធរឿងដីធ្លី, កត់ឈ្មោះទទួលអំណោយ រួមទាំងលុយយកកសាងសាលារៀន មន្ទីរពេទ្យ និងប្រព័ន្ធទឹកជាដើម នៅតំបន់ស្រុកម៉ាឡៃ ។ សម្ដេចថា នៅតំបន់នោះ រដ្ឋជាអ្នកកសាងសាលារៀន មន្ទីរពេទ្យ និងប្រព័ន្ធទឹកនេះ ដោយមិនមែនដើរប្រមូលលុយ ពីប្រជាពលរដ្ឋសាងសង់ ដូចក្រុមលោក ចាន់ យ៉េត ឡើយ ។
ជាងនេះទៅទៀត សម្ដេចតេជោ លើកឡើងថា លោក ចាន់ យ៉េត មិនត្រឹមតែបោកលុយពីប្រជាពលរដ្ឋពាក់ព័ន្ធរឿងដីធ្លី ប៉ុណ្ណោះទេ។ តែលោក យកឈ្មោះសម្ដេចតេជោ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងស្ថាប័នផ្សេងៗ ទៅប្រើប្រាស់ ដើម្បីឆបោកលុយពីប្រជាពលរដ្ឋ ផងដែរ។
សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានប្រាប់ឯកឧត្តម ឱម យិនទៀង រកឯកសារឲ្យគ្រប់ បើ ចាន់ យ៉េត មិនព្រមកែទេ គឺចាប់ខ្លួន ចាន់ យ៉េត ភ្លាមៗ។ ហើយបង្ហាញភស្ដុតាង អ្នកឯងបោកប្រាស់អ្វីខ្លះ? សូម្បីតែអ្នកឯងបោកប្រាស់គេ ធ្វើការគៀស នាយករដ្ឋមន្ដ្រី អ្នកឯងថា បានធ្វើការជាមួយក្រសួងមហាផ្ទៃ តើអ្នកឯងដើរបោកគេរ បៀបនេះ ដើម្បីទទួលបានលាភសក្ខារៈអ្វីខ្លះ? អ្នកណាពាក់ព័ន្ធជាមួយ ចាន់ យ៉េត ប្រយ័ត្ន»។
សូមរំលឹកថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ បានបញ្ចប់មុខតំណែង លោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានឋានៈស្មើ ទេសរដ្ឋមន្រ្តី៕