នយោបាយ

នាយករដ្ឋមន្ត្រី បញ្ជាក់ថា កម្ពុជា មានសាច់ប្រាក់សុទ្ធក្នុងដៃ ៣ពាន់លានដុល្លារ និងទុនបម្រុងអន្តរជាតិជាង ២០ពាន់លានដុល្លារ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប ញ្ជាក់ច្បាស់ៗថា កម្ពុជាមានសាច់ប្រាក់សុទ្ធកាន់ក្នុងដៃ ដែលទុកនៅរតនាគារជាតិ ប្រមាណ ១៣លានលានរៀល (ប្រមាណ ៣ពាន់លានដុល្លារ) និងមានទុនបម្រុងអន្តរជាតិជាង ២០ពាន់លានដុល្លារ ក្នុងនោះក៏មានមាសជាង ៤៤តោនផងដែរ ។

ការថ្លែងបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងបន្ទាប់ពី មានមជ្ឈដ្ឋានមួយចំនួន ជាពិសេសក្រុមប្រឆាំង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន រៃអង្គាសលុយដើម្បី បើកប្រាក់ខែឲ្យមន្ត្រីរាជការ ។

ក្នុងពិធីថ្លែងសារពិសេសពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» និងសមិទ្ធផលកើតពីនយោបាយ ឈ្នះ-ឈ្នះ នៅថ្ងៃទី២៩ ធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «បើគិតត្រឹមម៉ោង ៥ល្ងាចម្សិលមិញ ជាសាច់ប្រាក់នៅក្នុងរតនាគារតែម្ដង គឺមានចំនួន ១៣លានលានរៀល (ប្រមាណ ៣ពាន់លានដុល្លារ) ដូច្នេះអត់ទាន់ស្រកស្រុតទេអាពៅ ផ្ដាំពីចម្ងាយទៅ ទឹកប្រាក់ទាំងនេះ គឺជាសាច់ប្រាក់សន្សំនៅក្នុងរតនាគារជាតិ មិនមែនគ្រាន់តែជាតួលេខ នោះទេ ។ ឯទុនបម្រុងអន្តរជាតិ មានមួយផ្សេងទៀត ដែលខ្ញុំប្រាប់តួលេខអ្នកឯងឲ្យបានភ្លឺភ្នែក នេះគឺរបាយការណ៍ ទើបចេញថ្ងៃ២៥ ធ្នូនេះទេ ទុនបម្រុងផ្លូវការរបស់ប្រទេសកម្ពុជា មានជាង ២០ពាន់លានដុល្លារ ក្នុងក៏មានមាសជាង ៤៤តោនផងដែរ ជាកេរ្តិ៍មរតករបស់ព្រះករុណាបិតា» ។

សម្ដេចបន្តថា មាសទាំងជាង៤៤តោននេះ មានតម្កល់នៅប្រទេសស្វីសចំនួន ១២តោន ៤រយគីឡូក្រាម(ជាមរតករបស់ព្រះបរមរតនកោដ្ឋ បន្សល់ទុកតាំងពីសម័យសង្គមរាស្ត្រនិយម) តម្កល់ទុកនៅធនាគារកណ្ដាលអង់គ្លេស ១៧តោន (ទើបតែទិញថ្មី) និងចំនួន ១៥តោន តម្កល់ទុកនៅធនាគារជាតិកម្ពុជា ។

ដោយឡែកពាក់ព័ន្ធនឹងសេដ្ឋកិច្ចកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្លែងថា សេដ្ឋកិច្ចកម្ពុជា ពិតមែនតែអវិជ្ជមាន តែវាល្អណាស់សម្រាប់យើង ជាក់ស្ដែងគិតត្រឹម១១ខែ ឆ្នាំ២០២០នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្ដាប្រទេសដៃគូទាំងអស់ មានចំនួន ៣២ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញមានចំនួនជិត ១៥ពាន់លានដុល្លារ ។ សម្ដេចថា ទោះបីមានកូវីដ១៩ តែការនាំចេញរបស់កម្ពុជា នៅតែល្អ ។

សម្ដចតេជោសង្កត់ធ្ងន់ថា «ការនាំចេញល្អនេះទៀត វាមានចំណែកដែលខ្ញុំឲ្យអ្នកឯងភ្លឺភ្នែក ថារដ្ឋាភិបាល ហ៊ុនសែន គឺមានអ្នកឯកទេសគ្រប់គ្រាន់ បណ្ឌិតត្រឹមពួកអ្នកឯង ស្ទើរភ្លើងណាស់ មិនទាន់ចេះគ្រប់គ្រងរដ្ឋទេ កម្លាំងរបស់រដ្ឋបាល ហ៊ុនសែន មិនមែនជាកម្លាំងធម្មតា» ។

សម្ដេចបន្ថែមថា ក្នុងចំណោមការនាំចេញរបស់កម្ពុជាជិត ១៦ពាន់លានដុល្លារ ក្នុងនោះការនាំចេញកសិកម្ម រាប់តែ ៧មុខទំនិញ មានជិត ៤ពាន់លានដុល្លារ ។
សម្ដេចថា ស្រូវឆ្នាំនេះនាំចេញជាង ២លានតោន នាំចេញជាអង្ករបានជិត ៧០ម៉ឺនតោន ដំឡូងមីនាំជចេញជាង ៧លានតោន ស្វាយចន្ទីនាំចេញជាង ២០ម៉ឺនតោន ស្វាយនាំចេញ ៨៥ម៉ឺនតោន ចេកអំបូងលឿងនាំចេញ ជាង៣១០តោន ដំណាប់មៀនប៉ៃលិននាំចេញ ១៧៤តោន ម្រេចនាំចេញគិតជាប្រាក់បាន ២៥លានដុល្លារ ។

សម្ដេចតេជោ បញ្ជាក់ទៅក្រុមប្រឆាំងថា កុំចង់ផ្ដួលរដ្ឋាភិបាលហ៊ុនសែន អត់ទាន់បានចាយលុយប្រេងសូម្បីតែ ១សេនទេ តែរដ្ឋាភិបាលហ៊ុនសែន មិនដួលសោះហើយ ។ សម្ដេចថា អ្នកឯងកាន់តែបន់ រដ្ឋាភិបាលសម្ដេចហ៊ុនសែន កាន់តែរស់ស្រួល ។

សម្ដេចគូសបញ្ជាក់ថា ចំណែកទីផ្សារក្នុងវិស័យកសិកម្ម របស់កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្ដែងឥឡូវនេះ កិច្ចព្រមព្រៀង ភាពជាដៃគូគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (ACEP) បានចុះហត្ថលេខារួចរាល់ហើយ មានពង្រាយដល់ជប៉ុន អូស្ត្រាលី ណូវែលហ្សេឡង់ ចិន និងកិច្ចព្រមព្រៀង ជាច្រើនទៀត ជាពិសេសយើងបានចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយចិន ហើយខាងមុខនេះនឹងចុះ កិច្ចព្រមព្រៀង ជាមួយកូរ៉េទៀត និងជាមួយសហគមន៍សហភាពអឺរ៉ាស៊ី ៕

To Top