នយោបាយ

រាជរដ្ឋាភិបាល ទទួលថវិកា បានជាង៥៣លានដុល្លារ និង៩ពាន់លានរៀល សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសក្នុងឱកាសបិទបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២៨ វិច្ឆិកា ថា គិតត្រឹមម៉ោង២រសៀល ថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានទទួលថវិកា ៥៣ ៦៧៩ ៧១៤ដុល្លារ និង៩ ៩៣៥ ៤៨៨ ៥០០រៀល ពីសប្បុរសជន ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ។

ជាមួយគ្នានេះ សម្តេចតេជោក៏បានអរព្រះគុណព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបានចូលរួមប្រទានថវិកា ដើម្បីទិញវ៉ាក់សាំង ព្រមទាំងអរគុណដល់សប្បុរសជននានា ដែលបានចូលរួមផងដែរ។

សម្រាប់ការទិញវ៉ាក់សាំងវិញ សម្តេចបន្តថា ច្រកទ្វារសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ យកមកកម្ពុជា មាន៣ច្រក ក្នុងនោះមានតាមរយៈខូវ៉ាក់ ច្រកទី២ តាមរយៈទំនាក់ទំនងរវាងប្រទេសនិងប្រទេស និងច្រកទី៣ តាមរយៈការចរចាជាមួយក្រុមហ៊ុនផ្ទាល់តែម្តង។

សម្តេចតេជោបន្ថែមថា កម្ពុជាត្រូវរង់ចាំរហូតមាន ការទទួលស្គាល់ជាក់លាក់ដោយ អង្គការសុខភាពពិភពលោក ទើបអាចបញ្ជាទិញវ៉ាក់សាំងបាន ព្រោះមិនអាចយកប្រជាជនកម្ពុជា ទៅពិសោធន៍វ៉ាក់សាំងនោះទេ៕

To Top