ព័ត៌មានជាតិ

ក្នុងឱកាស ឆ្លងឆ្នាំសកល ! ក្រសួងទេសចរណ៍ ណែនាំ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវបន្ដអនុវត្ត ឲ្យម៉ឺងម៉ាត់ នូវ​វិធានការ​ទប់ ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ ៖ នាឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ ក្រសួងទេសចរណ៍ បានធ្វើការណែនាំដល់មន្ទីរទេសចរណ៍ រាជធានី-ខេត្តបន្តអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេស ចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

យោងតាមសារាចរណែនាំរបស់ ក្រសួងទេចរណ៍ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីត្រៀមលក្ខណៈ ស្វាគមន៍ភ្ញៀវទេសចរ នាឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ និងស្របពេលព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបានបិទបញ្ចប់ក្រសួងទេសចរណ៍ បានធ្វើការណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដូចខាងក្រោម ៖

ទី១-បន្តជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយ ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសការត្រួតពិនិត្យកម្តៅ ពាក់ម៉ាស លាងដៃ និងបាញ់អាកុលសម្លាប់មេរោគ ឲ្យបានជាប្រចាំនៅគ្រប់គោល ដៅទេសចរណ៍ទាំងអស់។

ទី២-បង្កើនការគ្រប់គ្រងគ្រប់គោលដៅទេសចរណ៍ទាំងអស់ឲ្យបានល្អប្រសើរ ពិសេសការកំណត់សមត្ថភាពផ្ទុកអតិបរមា(Carrying Capacity)។ រាល់ការជួបជុំជាក្រុមនៅតាមកន្លែងលំហែកម្សាន្ត ឬនៅក្នុងភោជនីយដ្ឋាន ត្រូវរក្សាគម្លាតសុវត្ថិភាពឲ្យបានត្រឹមត្រូវ (យ៉ាងតិច ១ ម៉ែត្រកន្លះពីគ្នា) និងត្រូវកត់ត្រាព័ត៌មានភ្ញៀវទេសចរឲ្យបានហ្មត់ចត់ (ឈ្មោះ លេខទូរស័ព្ទ និងអាសយដ្ឋាន)។

ទី៣-បន្តសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ក្នុងការពង្រឹងគុណភាពសេវាទេសចរណ៍ ថែរក្សាអនាម័យបរិស្ថាន និងរក្សាតម្លៃផលិតផលឲ្យបានសមរម្យ។

និងទី៤-បន្តចុះតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីបញ្ជ្រាបការយល់ដឹងជាសាធារណៈដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋអំពីហានិភ័យ និងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕

To Top