ភ្នំពេញ ៖ ក្រោយពីរកឃើញពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ឆ្លងជំងឺកូវីដ-១៩ជាបន្តបន្ទាប់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាមិនឲ្យដឹកជញ្ជូនពលករខ្មែរមកពីប្រទេសថៃ ទៅតាមបណ្ដាខេត្តឡើយ ត្រូវធ្វើចត្តាឡីស័កនៅតាមតំបន់ព្រំដែនតែម្ដង។
សូមជម្រាបថា ការចេញបទបញ្ជាថ្មីមួយ នេះរបស់ សម្ដេចតេជោ ហ៊ុនសែន គឺដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍នៅកម្ពុជា ជាថ្មីម្ដងទៀត បន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា រកឃើញថា មនុស្សប្រមាណជិត១០នាក់ហើយ បានឆ្លងជំងឺកូវីដ-១៩ ចេញពីថៃ។
តាមរយៈសារបន្ទាន់មួយ នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានចេញ បទបញ្ជាឲ្យខេត្តនៅតាមបណ្ដាព្រំដែន និងកម្លាំងព្រំដែនទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យហ្មត់ចត់ ជាមួយ ពលករខ្មែរ ដែលធ្វើដំណើរពីថៃ មកកម្ពុជាវិញ។
សម្ដេចតេជោ មានប្រសាសន៍ថា «បញ្ជាទៅកងកម្លាំងប្រដាប់អាវុធ កងយុទ្ធពលខេមរភូមិន្ទ ដែលមានដឹកជញ្ជូន ផ្អាក ការដឹកជញ្ជូនបងទាំងនេះ (ពលករខ្មែរ) ចូលមកផ្ទៃក្នុងប្រទេស។ដែលធ្លាប់ដឹកចែករំលែកទៅតាមខេត្ត យើងសុខចិត្ត ធ្វើចត្តាឡីស័ក្ត នៅតាមព្រំដែនល្អជាង ដឹកបងប្អូនពង្រាយផ្ទៃក្នុងប្រទេស ដែលនាំឲ្យឆ្លងក្នុងសហគមន៍ សារជាថ្មីម្ដង ទៀត»។
សម្ដេចតេជោ បញ្ជាក់ថា ក្រសួងសុខាភិបាល ត្រូវបន្ថែមនូវសម្ភារ ថវិកា ដើម្បីធ្វើចត្តាឡីស័ក្ដ និងការយកសំណាក ដើម្បីធ្វើតេស្ដដោយបន្ថែមក្រុមគ្រូពេទ្យទៅកាន់ទីនោះ ប្រសិនបើមានការចាំបាច់។
សម្ដេចថា តាមការប៉ាន់ស្មាន់ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលមកពីថៃ អាចនឹងកើនឡើងជាបន្ដបន្ទាប់ ខណៈមន្ទីរពេទ្យខេត្តបាត់ដំបងនឹងត្រូវរ៉ាប់រងនូវការព្យាបាលអ្នកឆ្លងទាំងអស់នោះ ផងដែរ។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា «ដូច្នេះត្រូវយកចិត្តទុកដាក់គ្រប់គ្រងបងប្អូន ទាំងនេះ(ពលករខ្មែរ) ឲ្យបានហ្មត់ចត់បំផុត ហើយផ្នែកដឹកជញ្ជូន ត្រូវផ្អាការដឹកជញ្ជូនបងប្អូនដែលមកពីប្រទេសថៃ ហើយត្រូវពង្រឹងសមត្ថភាព នៃការធ្វើចត្តាឡីស័ក្ដនៅតាមច្រកព្រំដែន ដែលយើងបានកំណត់ទីតាំង ហើយត្រូវយកសំណាកនៅទីនោះ ធ្វើចត្តាឡីស័ក្ដនៅទីនោះ ក្នុងរយៈពេល១៤ថ្ងៃ»៕