ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានថ្លែងថា ផលិតផលកសិកម្មសរុបលើផ្នែកដំណាំក្រៅពីស្រូវសម្រេចបានក្នុងឆ្នាំ២០២០ គិតជាប្រាក់មានតម្លៃជាង ៤,៤៩ ពាន់លានដុល្លារ ខណៈការនាំចេញមា២,១៧ ពាន់លានដុល្លារ។
បើតាមលោក វេង សាខុន បង្ហាញក្នុងហ្វេសប៊ុកនាថ្ងៃទី២ ខែមករា ឆ្នាំ២០២១បន្តថា ក្នុងនោះដំណាំដំឡូងមី សម្រាប់នាំចេញ សរុប មានចំនួន ៧ ២០៣ ១២៨ តោន ។ ចំពោះតម្លៃផលិតផលសរុប មានចំនួន ១ ១០៨ ៣១៥ ៨៨១ ដុល្លារ។
សម្រាប់ដំណាំស្វាយចន្ទីនាំចេញសរុប ចំនួន ២៣០ ៩៨១ តោន។ ចំពោះតម្លៃផលិតផលសរុប មានចំនួន ៤៨១ ៤៨៣ ៧៥០ ដុល្លារ។
ចំពោះដំណាំស្វាយវិញបរិមាណនាំចេញស្វាយស្រស់សរុប ចំនួន ៩៤៧ ៦២៨ តោន ។ តម្លៃផលិតផលសរុប មានចំនួន ៥៧១ ៨៦២ ៩៦៤ ដុល្លារ។
ដំណាំចេកអំបូងលឿងគឺបរិមាណនាំចេញសរុប មានចំនួន ៣៣៣ ១៤៣ តោន និងតម្លៃផលិតផលសរុប មានចំនួន ៤៣៤ ៣៥៣ ៦៦៣ ដុល្លារ។
ដំណាំមៀនប៉ៃលិន (តាង៉ែន) បរិមាណនាំចេញសរុប មានចំនួន ១០២ ២៨០ តោន ។ ចំពោះតម្លៃផលិតផលសរុប មានចំនួន ១៥៥ ៨១៦ ៧៧៦ ដុល្លារ។
ដំណាំម្រេច គឺបរិមាណនាំចេញសរុប មានចំនួន ៥ ០៧៩ តោន និងតម្លៃផលិផលសរុប មានចំនួន ៤២ ៥០៨ ២៣២ ដុល្លារ។
ដោយឡែកដំណាំផ្សេងទៀត បរិមាណនាំចេញសរុប ចំនួន ៥៥៥ ៧០៦ តោន និងតម្លៃផលិតផលសរុបចំនួន ១ ៦៩៦ ២៨៣ ២៥៣ ដុល្លារ៕






