ភ្នំពេញ៖ ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ថា បានរកឃើញស្ត្រីពលករខ្មែរមកពីធ្វើការប្រទេសថៃ បានឆ្លងជំងឺកូវីដ១៩ ចំនួន២នាក់ និងមិនមានករណីព្យាបាលជាសះស្បើយនោះទេ។
យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងយ៉ាងដូច្នេះថា ករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ជាពលករបានធ្វើដំណើរពីថៃ មកដល់កម្ពុជានៅថ្ងៃ៣១ ធ្នូ ហើយលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំង២នាក់ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបាន ដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ក្រសួងក៏បានឲ្យដឹងទៀតថា ជាមួយគ្នានេះក៏មិនមានករណីជាសះស្បើយទេ។
សូមជម្រាបថា គិតមកដល់ថ្ងៃ៣ មករា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៣៨១នាក់ ហើយព្យាបាលជាសះស្បើយចំនួន៣៦២នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ១៩នាក់៕


