ព័ត៌មានជាតិ

៤២ឆ្នាំ ក្រោយថ្ងៃ៧មករា ១៩៧៩ ក្រោមនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ភ្នំពេញមានការអភិវឌ្ឍ រីកចម្រើនយ៉ាងខ្លាំង

ភ្នំពេញ៖ ក្នុងរយៈពេល៤២ឆ្នាំ (៧មករា១៩៧៩ -៧មករា២០២១) ក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សដោយ មានទាំងអគារខ្ពស់ៗ ជាង២០០០អគារ ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀត ។

ក្នុងនោះមានដូចជាស្ពានអាកាស ផ្លូវក្រោមដី ស្ពានអាកាស ថ្មើជើង ការស្ថាបនាផ្លូវពង្រីកបន្ថែម កសាងសួនច្បារ ជាច្រើនកន្លែង ការពង្រីកបន្ថែម នូវស្ថានីយបូមទឹក ជាច្រើនកន្លែង ការអភិវឌ្ឍប្រឡាយបង្ហូរទឹក និងការដាក់បណ្ដោយលូធំៗ ជាច្រើនកន្លែង ដើម្បីរំដោះទឹកចេញពីរាជធានីភ្នំពេញ បានកាន់តែលឿន ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ថ្ងៃ៧ មករា ជាថ្ងៃប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋកូនចៅជំនាន់ក្រោយ ត្រូវចងចាំ ព្រោះជាថ្ងៃ ដែលសម្ដេចតេជោ ហ៊ុន សែន បានរំដោះប្រជាពលរដ្ឋ ចេញពីការកាប់សម្លាប់ របស់បនក្បត់ប៉ុលពត។ លោកថា សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែរំដោះ ប្រទេសចេញពីការ កាប់សម្លាប់ប៉ុណ្ណោះទេ តែសម្ដេច នៅបានកសាង អភិវឌ្ឍន៍ប្រទេសជាតិ ចេញពីចំណុចសូន្យ ឲ្យប្រទេស មានការ អភិវឌ្ឍន៍រីកចំរើន លើគ្រប់វិស័យថែមទៀត និងបានធ្វើឲ្យកំណើនសេដ្ឋកិច្ច កើនឡើងជាប្រចាំ ។

លោកអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “អ្វីដែលជាភាពជាក់ស្តែងនោះ គឺមកដល់ពេលនេះ សម្រាប់រាជធានីភ្នំពេញ មានអាគារខ្ពស់ៗ ចាប់ពី៧ជាន់ឡើងទៅ រហូតដល់ទៅជាង ២០០០អាគារ ដែលបានបង្ហាញ ឲ្យពិភពលោក មើលឃើញថា កម្ពុជា មានការអភិវឌ្ឍ រីកចម្រើនយ៉ាងខ្លាំង ក្រោមការដឹកនាំ របស់សម្ដេចតេជោ” ។

បន្ថែមពីនេះទៀត ក្នុងរយៈពេលចុងក្រោយនេះ ក្រោមការដឹកនាំ របស់លោកឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ បានដាក់បណ្ដាញលូធំៗ ទំហំ ១ម៉ែត្រ; ១ម៉ែត្រកន្លះ; ២ម៉ែត្រ; ២ម៉ែត្រកន្លះ នៅតាមបណ្ដោយ ផ្លូវមួយចំនួន ការស្ដារលូ ប្រឡាយ រាប់ម៉ឺនគីឡូម៉ែត្រ និងការស្ថាបនាស្ថានីយ៍បូមទឹក ជាមួយនឹងការបន្ថែម នូវម៉ាស៊ីនបូមទឹក នៅតាមបណ្ដាស្ថានីយ៍សំខាន់ៗ មួយចំនួននោះ គឺបានធ្វើឲ្យរាជធានីភ្នំពេញ លែងមានការលិចលង់ទៀត ។

សម្រាប់រាជធានីភ្នំពេញ គិតមកដល់ពេលនេះ មានស្ថានីយបូមទឹកចំនួន ១៤កន្លែងហើយ ក្នុងនោះរួមមាន៖ ស្ថានីយ៍បូមទឹកបឹងត្របែក ស្ថានីយ៍បូមទឹកបឹងទំពុន ស្ថានីយ៍បូមទឹកលូប្រាំ ស្ថានីយ៍បូមទឹកបុរី ១០០ខ្នង ស្ថានីយ៍បូមទឹកទូលសំពៅ ស្ថានីយបូមទឹកកប់ស្រូវ ស្ថានីយ៍បូមទឹកស្វាយប៉ាក ស្ថានីយ៍បូមទឹកព្រះពន្លា ស្ថានីយ៍បូមទឹកទួលគោកទី១ ស្ថានីយ៍បូមទឹកទួលគោកទី២ និងស្ថានីយ៍៤កន្លែងទៀត នៅមុខរាជវាំងនិងព្រះគន្លង់។ ជាទិសដៅបន្ត នៅឆ្នាំ២០២១ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានលើកគំរោងស្តារប្រឡាយ ចំនួន១២ខ្សែ ក្នុងចំណោមប្រឡាយ៣៧ខ្សែ ដែលត្រូវស្តារឡើងវិញផងដែរ។

ជាមួយគ្នានោះ រាជធានីភ្នំពេញ មានស្ពានអាកាស ថ្មើរជើង ចំនចំនួន៤កន្លែង ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ ភ្លើងស្តុបនាងគង្ហីង មានចំនួន១ កន្លែង និងនៅផ្សារដើមគរ មានមួយកន្លែងទៀត ដែលបានបើកសម្ពោធ ដាក់អោយប្រើប្រាស់ជាផ្លូវការ កាលពីការចុងកក្កដា ឆ្នាំ២០២០ កន្លងមកនេះ ហើយបើតាមគម្រោង រដ្ឋបាលរាជធានីភ្នំពេញ និងកសាងស្ពានអាកាសថ្មើជើង ចំនួន២៥ទីតាំងទៀត នៅក្នុងរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិ មានការអភិវឌ្ឍ និងទីក្រុងមានភាពស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវ ប្រកបដោយសុវត្ថិភាព។ ស្ពានអាកាស ចំនួន៦ កន្លែង គឺ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែលស្ពាននេះ ក្រុមការងារបាននឹងកំពុង បើកការដ្ឋានស្ថាបនា យ៉ាងញាប់ដៃញាប់ជើង។

ដោយឡែកមានសួនច្បារ សាធារណៈ ជាច្រើនកន្លែង ដោយសួនច្បារវាមិនត្រឹមតែ ជាកន្លែងទាក់ទាញនូវភ្ញៀវជាតិ អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ សម្រាប់ប្រជាពលរដ្ឋ បានហាត់ប្រាណផងដែរ ដោយហេតុថា ការហាត់ប្រាណជាឱសថ ដ៏សក្កិសិទ្ធ ក្នុងការព្យាបាល ជម្ងឺគ្រប់ប្រភេទ ។

លោកឃួង ស្រេង បានថ្លែងថា ទាំងអស់នេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រ ដ៏ថ្លៃថ្លាបំផុត របស់ប្រជាជនកម្ពុជាគ្រប់រូប គ្រប់ជនជាតិ គ្រប់ជំនឿសាសនា គ្រប់និន្នាការនយោបាយ ដែលយើងទាំងអស់គ្នា ត្រូវរួមគ្នាការពារថែរក្សា ពូនជ្រំ មិនអោយបុគ្គលណា ក្រុម ណាឬបរទេសណា មកបំផ្លាញទៅវិញបានឡើយ៕

To Top