ព័ត៌មានជាតិ

លោក ស ថេត បញ្ជាឲ្យ នគរបាលរាជធានីភ្នំពេញ ផ្អាកជាបណ្ដោះអាសន្ន ក្នុងការចាប់ម៉ូតូមានបំពង់ស៊ីម៉ាំងលឺ បន្ទាប់ពី មានមន្ដ្រីខ្លះ អនុវត្តលើសការណែនាំ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាដល់កម្លាំងនគរបាលទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ត្រូវផ្អាកសកម្មភាពចាប់ម៉ូតូធំ ដែលមានបំពង់ស៉ីម៉ាំងលឺខ្លាំងជបណ្ដោះអាសន្ន បន្ទាប់ពីមានមន្ដ្រីខ្លះ អនុវត្តលើសការណែនាំ។

សូមជម្រាបថា ក្នុងកិច្ចប្រជុំដើម្បីពិភាក្សា កែសម្រួលលក្ខណសម្បត្តិ នៃគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើ ដល់កម្លាំងនគរបាល សហការជាមួយក្រសួង សាធារណការ និងដឹកជញ្ជូន ត្រូវស្រាវជ្រាវកំណត់អត្តសញ្ញាណម៉ូតូធំ ដែលបង្កសំលេងរំខានដល់ប្រជាពលរដ្ឋ។

សម្ដេចបន្ដថា នាពេលកន្លងមកអ្នកជិះម៉ូតូធំៗនេះ គឺជិះលឿនៗដោយបង្កការរំខានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយពេលខ្លះរំខាន ដល់ដំណេករបស់ថ្នាក់ ដឹកនាំថែមផងដែរ។

តាមរយៈសារសំឡេងរបស់ លោក ស ថេត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១បានឲ្យដឹងថា ការផ្អាកបណ្ដោះអាស ន្ននេះ រង់ចាំទទួលបញ្ជាថ្មីពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីចៀសវាង នូវការថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋ ព្រោះម៉ូតូខ្លះមិនបានកែច្នៃ ពោលមានសំណុំដើមមកពីរោងចក្រតែម្ដង។

លោកបញ្ជាក់ថា «តាមខណ្ឌទាំងអស់ផ្អាកធ្វើការឃាត់ម៉ូតូធំ ម៉ូតូដែលមានស៉ីម៉ាំងអត់មានសំបុក ដែលមានសំឡេងលឺ ខ្លាំង ផ្អាកសិនដើម្បីរង់ចាំបទបញ្ជាថ្មី។ព្រោះម៉ូតូធំខ្លះគេមានសំបុកស៉ីម៉ាំងបើកទៅអត់លឺរំខានទេ ដូច្នេះ ប្រភេទនេះអត់ មានខុសទេ»។

លោកបន្ដថា ក្រោយមានបទបញ្ជាពី សម្ដេចក្រឡាហោម ស ខេង និងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ឲ្យចាប់ម៉ូតូកែច្នៃបំពង់ស៉ីម៉ាំងលឺខ្លាំងបង្កការរំខាន មានមន្ដ្រីមួយចំនួនបានអនុវត្តលើសពីការណែនាំ ហើយមានរូបភាពខ្លះ ចូលចាប់ដល់ក្នុងផ្ទះតែម្ដង ដែលជាការខុសពីបទបញ្ជា៕

To Top