ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានសង្កេតឃើញថា សកម្មភាពចែករំលែកតំណភ្ជាប់តាមរយៈ កម្មវិធី Telegram ដោយប្រើប្រាស់ Telegram Chat Bot ដែលមានឈ្មោះថា “Wing Giveaways” អំពីការទទួល បានប្រាក់ដោយគ្រាន់តែអញ្ជើញមិត្តភ័ក្តិ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានព័ត៌មានវិទ្យា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ថា « នៅពេលដែលបងប្អូនចូលទៅកាន់ Telegram Chat Bot ដែលមានឈ្មោះថា “Wing Giveaways” នឹងណែនាំបងប្អូនធ្វើការផ្តល់ព័ត៌មានមួយចំនួន ដូចជា ៖ អត្តសញ្ញាណបណ្ណ បណ្ណបើកបរ ឬកាតសិស្សនិស្សិត និងលេខគណនីវីង (Wing Account Numbber)»។
ក្រុមការងារ នាយកដ្ឋានព័ត៌មានវិទ្យា បានធ្វើការណែនាំបងប្អូនមេត្តាបញ្ឈប់ការចែករំលែកតំណភ្ជាប់ខាងលើ និងកុំផ្តល់ព័ត៌មានដូចរៀបរាប់ខាងលើជាដាច់ខាត ព្រោះជនខិលខូចអាចយកព័ត៌មានទាំងនេះ ទៅប្រព្រឹត្តល្មើសច្បាប់ តួយ៉ាង ៖ ប្រើប្រាស់ដើម្បីបញ្ឆោតលួចកាន់កាប់គណនី ឬលួចផ្ទេរប្រាក់ ជាដើម៕