ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានចេញព្រះរាជក្រឹត្យស្ដីពី លក្ខខណ្ឌ និងនីតិវិធីក្នុងការបន្ធូរបន្ថយទោស និងការលើកលែងទោសចំពោះទណ្ឌិត (អ្នកជាប់គុក)។
បើយោងតាមព្រះរាជក្រឹត្យ ចុះព្រះហស្តលេខាព្រះ មហាក្សត្រ គឺព្រះរាជក្រឹត្យនេះកំណត់អំពីពិធីបុណ្យ លក្ខខណ្ឌ បែបបទ និង នីតិវិធីក្នុងការបន្ធូរបន្ថយទោស និងការលើកលែងទោសចំពោះទណ្ឌិតក្នុងគោលបំណងដើម្បី ធ្វើសមាហរណកម្មឲ្យទណ្ឌិតនោះចូលទៅ រួមរស់ក្នុងសង្គមវិញ ឬក្នុងគោលបំណងផ្នែកមនុស្សធម៌។
ព្រះជក្រឹត្យនេះ មានវិសាលភាពគ្របដណ្តប់ ទៅលើការបន្ធូរបន្ថយទោស និងការលើកលែង ទោសចំពោះទង្វើទាំងអស់ដែលត្រូវបាន ផ្ទន្ទាទោសដាក់ពន្ធនាគារដោយសាលក្រម ឬសាលដីកាស្ថាពរ របស់តុលាការនៃកម្ពុជា និងចំពោះទណ្ឌិតដែលត្រូវបាន ផ្តន្ទាទោសដាក់ពន្ធនាគារដោយ តុលាការនៃរដ្ឋបរទេស ប៉ុន្តែ ត្រូវបានបញ្ជូនមកឲ្យអនុវត្តទោស នៅកម្ពុជាដោយផ្អែកតាម ការព្រមព្រៀងរវាងរកម្ពុជា និងរដ្ឋបរទេសនោះ។
ព្រះរាជក្រឹត្យនេះមិនអនុវត្ត ចំពោះការលើកលែងទោសឲ្យទណ្ឌិត ដូចមានបញ្ញត្តិក្នុងមាត្រា ៧៧ នៃច្បាប់ស្តីពីពន្ធនាគារឡើយ។ នេះបើតាមព្រះរាជក្រឹត្យដដែល។
ក្នុងនោះពិធីបុណ្យអាច ស្នើសុំការបន្ធូរបន្ថយទោស និងការលើកលែងទោសដូចជា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ , ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ , ពិធីបុណ្យវិសាខបូជា , ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
ជាមួយគ្នានេះ ការបន្ធូរបន្ថយទោស និងការលើកលែងទោស ក៏អាចធ្វើផងដែរក្នុងពិធីបុណ្យ ឬព្រឹត្តិការណ៍ធំៗរបស់ជាតិ៕