ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា កាលពីឆ្នាំ២០២០ សំណុំ រឿងបទល្មើសធនធានធម្មជាតិ បានបញ្ជូនទៅកាន់តុលាការ ចំនួន៦០៥ករណី ហើយផាកពិន័យអន្តរការណ៍លើជនប្រ ព្រឹត្តល្មើស ចំនួន៨៥៧ករណី ចំណែកបទល្មើសដែលត្រូវធ្វើការអប់រំ និងធ្វើកិច្ចសន្យា ចំនួន២៩៤៦ករណី។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា បានឲ្យដឹងថា ការបង្ក្រាប និងទប់ស្កាត់បទល្មើសមានការកើនឡើង បានបង្ហាញពីការអនុវត្តច្បាប់កាន់តែ មានប្រសិទ្ធភាព និងបង្ហាញពីការខិតខំរបស់មន្ត្រីឧទ្យានុរក្ស សហគមន៍តំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធដោយ មិនខ្លាចនឿយហត់ ក្នុងការចុះល្បាតការពារព្រៃឈើនិងជីវៈចម្រុះ។
លោកបញ្ជាក់ថា «នៅឆ្នាំ២០២០កន្លងទៅ សំណុំរឿងបទល្មើសធនធានធម្មជាតិដែលត្រូវបានបញ្ជូនទៅកាន់តុលាការ មានចំនួន៦០៥ករណី ហើយនៅឆ្នាំ២០២០ មានការផាកពិន័យអន្តរការណ៍លើជនប្រព្រឹត្តល្មើស ចំនួន៨៥៧ករណី និងបទល្មើស ដែលត្រូវធ្វើការអប់រំ និងធ្វើកិច្ចសន្យាមាន ចំនួន២៩៤៦ករណី»។
លោកបន្ដថា ក្នុងប្រតិបត្តិការចុះល្បាតនិងបង្ក្រាបបទល្មើស នៅឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបាន រឹបអូសរណាយន្តបាន ចំនួន ៤.០០៤ គ្រឿង គឺមានការកើនឡើងប្រមាណ ៥០០ គ្រឿង ខណៈនៅឆ្នាំ ២០១៩ រណាយន្តដែលត្រូវបានរឹបអូស មានចំនួន ៣.៤៩៤ គ្រឿង។
ជាងនេះទៅទៀត លោក នេត្រ ភក្ត្រា ក៏បានលើកឡើងថា ចំណែកអន្ទាក់ដែលត្រូវបាន ដោះបានចេញពីតំបន់ការពារ ធម្មជាតិ ក្នុងឆ្នាំ ២០២០ មានចំនួន ៤៣.២៧០អន្ទាក់ គឺមានការកើនឡើងជិត ៤០០០អន្ទាក់ ខណៈ នៅឆ្នាំ ២០១៩ កន្លងទៅ អន្ទាក់ដែលត្រូវបានមន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្ម ជាតិ ដោះបានចំនួន ៣៩.៣៨២ អន្ទាក់។ នៅឆ្នាំ២០២០កន្លងទៅ រថយន្តចំនួន ២១៥ គ្រឿងដែលប្រព្រឹត្តបទល្មើសត្រូវបានរឹបអូស និងគោយន្តចំនួន ៦១១គ្រឿង ព្រមទាំងម៉ូតូចំនួន ៥៩០ គ្រឿងត្រូវបានដកហូតផងដែរ ។ មន្ត្រីឧទ្យានុរក្សក៏បានដកហូតកាំភ្លើងកែច្នៃដែលប្រើសម្រាប់បរបាញ់សត្វបានចំនួន ៧៣៧ ដើម និងដកហូតឈើបានចំនួន ២៧១៨ម៉ែត្រគូប។
បន្ថែមពីនេះទៀត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ទៀតថា ជាមួយប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ បទល្មើសព្រៃឈើខ្នាតធំលែងមានទៀតហើយ គឺនៅមានបទល្មើលព្រៃឈើខ្នាតតូចដែលមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងបន្តសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូបន្តអប់រំផ្សព្វផ្សាយច្បាប់ និងអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសបន្តទៀតដើម្បីថែរក្សា និងការពារធនធានធម្មជាតិ ដែលកម្ពុជា នៅមាននេះឲ្យបានគង់វង្ស សម្រាប់មនុស្ស រាប់ជំនាន់ ទៅមុខទៀត៕