Covid-19

ក្រសួងធម្មការ ណែនាំពុទ្ធបរិស័ទ ចូលរួមបុណ្យ មាឃបូជា អនុវត្តវិធានការសុខាភិបាល ការពារជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានធ្វើការណែនាំដល់ មន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត ថ្នាក់ដឹកនាំសង្ឃនៅតាមទីអារាម ព្រមទាំង ប្រជាពុទ្ធបរិស័ទ ចូលរួមប្រារព្ធពិធីបុណ្យ «មាឃបូជា» ឲ្យបានអធិកអធម ហើយត្រូវអនុវត្តវិធានការក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ-១៩។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ពុទ្ធប រិស័ទ ត្រូវបន្ដការរស់នៅធម្មតាតាមបែបបទគន្លងថ្មី ដោយអនុវត្តន៍នូវវិធានការ ដូចជា ៖ ពាក់ម៉ាស់ លាងដៃញឹកញាប់ ជាមួយសាប៊ូ អាល់កុល រក្សាគម្លាតសុវត្ថិភាពសង្គមបុគ្គលចាប់ពី ១ម៉ែត្រកន្លងះឡើងទៅឲ្យបានគ្រប់ៗគ្នា នៅគ្រប់កន្លែង គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។

ក្រសួងធម្មការ បញ្ជាក់ថា «សូមធ្វើការណែនាំទៅគ្រប់មន្ទីរធម្មការ និងសាសនា រាជធានី-ភ្នំពេញ ត្រូវចាត់តាំងវត្តអារាម រៀបចំពិធីបុណ្យមាឃបូជាឲ្យបានមហាឡោរិក ស្របតាមទំនៀមទម្លាប់ និងប្រពៃណីជាតិ និងជ្រើសតាំងវត្តអារាមណា មួយប្រារព្ធពិធីបុណ្យមាឃបូជា ជាផ្លូវការ ដោយត្រូវអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងវិធាននានា របស់ ក្រសួងសុខាភិបាល ជាពិសេស ត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា»។

ក្រសួងធម្មការ និងសាសនា សង្ឃឹម និងជឿជាក់ លើស្មារតីទទួលខុសត្រូវ របស់លោកប្រធានមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត សហការជាមួយ ព្រះមេគណ ព្រះអនុគណគ្រប់ស្រុក-ខណ្ឌ-ក្រុង ព្រះចៅអធិការគ្រប់វត្ត អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដើម្បីចាត់ចែងអនុវត្តសេចក្ដីណែនាំនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផល ល្អប្រសើរ។

សូមជម្រាបថា បុណ្យ មាឃបូជា គឺជាបុណ្យមួយក្នុងបណ្ដាបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកា ន់ព្រះពុទ្ធសាសនាលើសកលលោក តែងតែប្រារព្ធធ្វើពុំដែលខាន។ ពិធីនេះប្រារព្ធធ្វើឡើងដើម្បី រម្លឹកដល់អភិលក្ខិតសម័ យទាំងពីរ នៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើង នៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នា គឺថ្ងៃប្រជុំចតុរង្គសន្និ បាត និងថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ។ ជារៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរ តែងតែប្រារព្ធធ្វើបុណ្យ មាឃបូជានេះ នៅគ្រប់វត្តអារាមទូទាំងប្រទេសដោយចាត់ទុកថា ជាការបំពេញកុសលដ៏ថ្លៃថ្លាបំផុត។

បន្ថែមពីនេះទៀត ពិធីបុណ្យ មាឃបូជា នៅឆ្នាំ២០២១នេះ នឹងត្រូវប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នាថ្ងៃព្រហស្បតិ៍ ១៥កើត និងថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់ចែងរៀបចំកម្មវិធីបុណ្យនេះ នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្ដាល ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ អ្នកមុខអ្នកការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី និង ពុទ្ធបរិស័ទចូលរួមបំពេញកុសលតាមប្រពៃណីព្រះពុទ្ធសាសនា ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ»៕

To Top