ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានជាប់ជាធនាគារកណ្តាលឆ្នាំ២០២១ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លើការគ្រប់គ្រង ប្រព័ន្ធធនាគារបានល្អប្រសើរ ដែលរួមចំណែកជំរុញកំណើន និងរក្សាស្ថិរភាពសេដ្ឋកិច្ច ក្នុងស្ថានភាពកម្ពុជាទទួលរងផ លប៉ះពាល់ពីឥទ្ធិពល នៃការរីករាលដាលនៃជំងឺកូវីដ-១៩។
សូមជម្រាបថា ការផ្តល់ចំណាត់ថ្នាក់នេះ ត្រូវបានធ្វើឡើងដោយ The Banker ដែលជាភ្នាក់ងារប្រមូលផ្តុំទិន្នន័យ និង ផ្សព្វផ្សាយព័ត៌មានផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលលោក ក្រោយពីបានវាយតម្លៃលើសមិទ្ធផល ដែលធនាគារជាតិ នៃកម្ពុជា ទទួលបាននារយៈពេលកន្លងមក។
តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានឲ្យដឹ ងថា The Banker បានវាយតម្លៃខ្ពស់ថា ក្រោមការដឹកនាំរបស់លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ទទួលបានជោគជ័យ ក្នុងការគ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ ក្នុងដំណាក់កាលដែលកម្ពុជា ក៏ដូចជា ពិភពលោកកំពុងជួបនឹងវិបត្តិ នៅឆ្នាំ២០២០កន្លងទៅ។
The Banker បានកត់សម្គាល់ថា កម្ពុជាបានគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ ទោះយ៉ាងណា កម្ពុជាក៏បានរងផលប៉ះពាល់ ដោយសារការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ នៃចំណូលវិស័យទេសចរណ៍ និងបានទទួលរងគ្រោះទឹកជំនន់រយៈពេលខ្លី។ កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងអាចធ្លាក់ចុះដល់ -១,៩% នៅឆ្នាំ២០២០។ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់ នៃការធ្លាក់ចុះ និងបញ្ហាប្រឈមទាំងនេះ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញ នូវវិធានការគាំទ្រមួយចំនួន ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងនោះរួមមាន ការរៀបចំឥណទានឡើងវិញ ដែលបានដាក់ឲ្យអនុវត្ត កាលពីខែមីនា ឆ្នាំ២០២០កន្លងមក និងបន្តអនុវត្តដល់ដំណាច់ខែមិថុនា ឆ្នាំ២០២១នេះ។
ប្រភពដដែល បញ្ជាក់ថា ការរៀបចំឥណទានឡើងវិញ ត្រូវបានអនុញ្ញាតរហូតដល់ទៅបីដង ដោយមិនមានប៉ះពាល់ ដល់ចំណាត់ថ្នាក់ឥណទាននោះទេ។ បទប្បញ្ញត្តិបន្ថែមរួមមាន ៖ ការកាត់បន្ថយអត្រាការប្រាក់ និងការលើកលែងថ្លៃសេវា ជាដើម ។ ការដាក់ចេញនេះ បានធ្វើឲ្យឥណទានមិនដំណើរការ ស្ថិតក្នុងកម្រិតទាប ២,៥%។ កម្ពុជាក៏បានជំរុញ ការប្រើប្រាស់ប្រព័ន្ធធនាគារឌីជីថល។
ធនាគារជាតិនៃកម្ពុជា បានដាក់ឲ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធបាគង កាលពីខែតុលា ឆ្នាំ២០២០ ដែលបានរួម ចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដោយសារមានក្រុមហ៊ុនឯកជនជាច្រើន បើកប្រាក់បៀវត្សរ៍ជូន បុគ្គលិករបស់ខ្លួនជាសាច់ប្រាក់នៅឡើយ។
ប្រព័ន្ធបាគង ត្រូវបានបង្កើតឡើង ដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន និងអាចធ្វើប្រតិបត្តិការទូទាត់ បានទាំងជាប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក តាមរយៈទូរស័ព្ទដៃ ដោយអ្នកប្រើប្រាស់អាចស្កេនលេខកូដ ឬវាយបញ្ចូលលេខទូរស័ព្ទ របស់អ្នកទទួលប្រាក់។ ប្រព័ន្ធបាគងមានសមាជិកប្រមាណ ២០ធនាគារ។
ម៉្យាងទៀត រូបិយវត្ថុជាតិក៏ត្រូវបានជំរុញ ឲ្យប្រើប្រាស់យ៉ាងខ្លាំងក្លាផងដែរ សំដៅជំរុញកំណើនប្រកបដោយចីរភាព និងអភិវឌ្ឍប្រព័ន្ធធនាគារ ប្រកបដោយប្រសិទ្ធភាព និងជាពិសេសកាត់បន្ថយ ការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។ បច្ចុប្បន្ន ការទូទាត់ដែលមានទឹកប្រាក់តិចជាង ១០០ដុល្លារអាមេរិក ត្រូវបានធ្វើឡើងជាប្រាក់រៀល ខណៈដែលការប្រើប្រាស់ ក្រដាស់ប្រាក់ដុល្លារអាមេរិក ដែលមានទំហំទឹកប្រាក់តូច បានថយចុះជាបណ្តើរៗ៕