ព័ត៌មានជាតិ

លោក សោម សូរីដា ៖ គ.ជ.ប ពុំដែលយកភាគីពាក់ព័ន្ធណាមួយ ធ្វើជាសត្រូវនោះទេ

ភ្នំពេញ ៖ លោក សោម សូរីដា អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា គ.ជ.ប ពុំដែលយកភាគីពាក់ព័ន្ធណាមួយ ធ្វើជាសត្រូវឡើយ ហើយ គ.ជ.ប តែងតែបង្ហាញជូនភាគីពាក់ព័ន្ធ អំពីការពិត កើតមានក្នុងដំណើរការបោះឆ្នោត ដើម្បីចៀសវាងឲ្យបានដាច់ខាត នូវការប្រកួតប្រជែងគ្នាដោយមិនស្មោះត្រង់។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។

ក្នុងសន្និសីទសារព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅទីស្តីការ គ.ជ.ប លោក សោម សូរីដា បានឲ្យដឹងថា បទពិសោធន៍របស់ គ.ជ.ប បានបង្ហាញឲ្យឃើញពីការពង្រឹងកិច្ចសហការល្អរវាង គ.ជ.ប និងភាគីពាក់ព័ន្ធ ដែលជាកត្តាយុទ្ធសាស្ត្រ ដើម្បីឈានទៅសម្រេចបានការរៀបចំការបោះឆ្នោតមួយ ប្រកបដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងដែលនាំឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព ការរីកចម្រើន ព្រមទាំង ការអភិវឌ្ឍ។

លោកបន្ដថា «ក្នុងនាមជាអាជ្ញាកណ្តាល គ.ជ.ប តែងតែបង្ហាញជូនភាគីពាក់ព័ន្ធអំពីការពិតជាក់ស្តែងដែល កើតមានក្នុងដំណើរការបោះឆ្នោត និងរបៀបនៃការគិតដើម្បីចៀសវាងឲ្យបានដាច់ខាតនូវការ ប្រកួតប្រជែងគ្នាដោយមិនស្មោះត្រង់ ដែលនាំឲ្យមានការបែកបាក់ជាតិ ការស្អប់ខ្ពើម និងការបំផ្លាញ ជាតិសាសន៍ខ្លួនឯងនៅក្នុងសង្គមខ្មែរទាំងពេលបច្ចុប្បន្ន និងអនាគតយូរអង្វែងតរៀងទៅ»។

លោកបន្ថែមថា គ.ជ.ប ក៏តែងតែបង្ហាញអំពីការយកចិត្តទុកដាក់ក្នុងការងារអប់រំ អ្នកបោះឆ្នោត ពិសេសចំពោះយុវជនខ្មែរទូទាំងប្រទេស ឱ្យឲ្យចេះគិតពិចារណាប្រកបដោយហេតុផល ច្បាស់លាស់ អំពីសកម្មភាពរបស់ខ្លួនក្នុងការចូលរួមការបោះឆ្នោត សំដៅកសាងនូវអនាគតល្អ ដើម្បីសម្រេចជោគជ័យក្នុងគោលដៅរួម ដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន។

លោកបញ្ជាក់ថា គ.ជ.ប តែងតែបង្ហាញអំពី ការបើក ទឹកចិត្តយ៉ាងទូលំទូលាយ បង្ហាញពីឆន្ទៈពិតប្រាកដ សម្រាប់អនាគតប្រទេសជាតិ ហើយការលើកឡើងក្នុងសេចក្តីថ្លែងការណ៍ របស់ខ្លួនកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក៏គ្មានពណ៌សម្បុរនយោបាយក្នុងនោះដែរ គឺសុទ្ធតែ គំនិត និងមេរៀន ដើម្បីបំភ្លឺសាធារណមតិ ពិសេសសម្រាប់គ្រប់ភាគីពាក់ព័ន្ធប្រកាន់យកសំដៅ កសាងប្រទេសឲ្យបានចៀសចាកផុតពីការស្អប់ខ្ពើមជាតិសាសន៍ ឯង ដោយយកគ្នាជាសត្រូវស្លាប់រស់

ដែលខ្មែរធ្លាប់ភ្លក់រសជាតិរាប់ទសវត្សរ៍រួចមកហើយ៕

To Top