ព័ត៌មានជាតិ

មន្ដ្រីជំនាញ ៖ នាវាចម្បាំង ដែលបានបាញ់លិច កាលពីរបប លន់ នល់ នៅកំពង់ចាម មានផ្ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់ពាន់តោន

ភ្នំពេញ ៖ មន្ត្រីជំនាញនៃការរុករកយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹក នៃក្រសួងការពារជាតិ បានឲ្យដឹងថា នាវាចម្បាំង ដែលត្រូវបានបាញ់លិច នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីឆ្នាំ១៩៧២ នៃរបបរ បស់ លោក លន់ នល់ គឺមានផ្ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់ពាន់តោន ខណៈយុទ្ធភណ្ឌខ្លះ អាចបង្ក ហានិភ័យខ្ពស់ ប៉ុន្តែទោះបីជាយ៉ាងណាក្រុមការងារ រុករកបានកំណត់ទីតាំងច្បាស់លាស់ហើយ ដើម្បីស្រង់នាវា និងយុទ្ធភណ្ឌទាំងនោះ យកមករក្សាទុក និងកម្ទេចចោល។

យោងតាមបទបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ម៉ី សុភា ប្រធានក្រុមប្រតិបត្តិរុករកយុទ្ធភណ្ឌក្រោមទឹក ជូនដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ភាគី ពាក់ព័ន្ធទៀត នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បានរៀបរាប់ថា នាចម្បាំងចំនួនពីរគ្រឿង ដែលភាគីបដិបក្ស នាសម័យរបប លន់ នល់ បានបាញ់ពន្លិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានក្រុមការងារកំពុងរុករកជារៀងរាល់ថ្ងៃ ដែលរហូតមកដល់ពេលនេះ គឺបានស្រង់យុទ្ធភណ្ឌមិនទាន់ផ្ទុះជិតមួយពាន់គ្រាប់ ខណៈ នៅសល់ជាច្រើនតោនទៀត កំពុងកំណត់ទីតាំង ដើម្បីបន្តស្រង់ យកទៅដាក់កន្លែងមានសុវត្ថិភាព។

លោកបន្ដថា ប្រតិបត្តិការរុករកនាវាលិច និងបោសសម្អាតគ្រាប់យុទ្ធ ភណ្ឌមិនទាន់ផ្ទុះក្នុងនាវានេះ គឺប្រតិបត្តិការរយៈពេលបីខែកន្លងមកហើយ ដោយកម្លាំងជំនាញ បានធ្វើការ បោសសម្អាតគ្រាប់ក្រោមទឹក និងនៅតាមភូមិឋានប្រជាពលរដ្ឋរស់នៅ ជុំវិញតំបន់ប្រតិបត្តិការ បានចំនួន ជាង៩០០គ្រាប់។ គ្រាប់ទាំងនេះ ត្រូវបានស្ដុកទុកនៅទីតាំងសុវត្ថិភាពឆ្ងាយពីទីប្រជុំជន និងមានការយាមកាមហ្មត់ចត់ ។ កិច្ចប្រតិបត្តិការនេះ នឹងត្រូវខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយ ដើម្បីឱ្យទទួលបានជោគ ជ័យទាំងស្រុង នាដើមខែឧសភា ខាងមុខនេះ ពោលគឺមុនរដូវវស្សាមកដល់។

យ៉ាងណាក៏ដោយ មន្ត្រីជំនាញមិន បានបញ្ជាក់ថា នាវាទាំងពីរគ្រឿង ដែលត្រូវបានបាញ់ពន្លិចនេះ គឺជានាវាចម្បាំងប្រភេទអ្វីនោះទេ ហើយយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក៏មិនបានកំណត់ច្បាស់លាស់ដែរ ដោយ លោកគ្រាន់តែអះអាងថា អាចមានរហូតដល់រាប់ពាន់តោន៕

To Top