ព័ត៌មានជាតិ

ក្រសួងការបរទេស ដាក់ចេញយុទ្ធសាស្រ្តការទូត សេដ្ឋកិច្ច ដើម្បីជាវិភាគទានពង្រឹងជន្ទល់កំណើន សេដ្ឋកិច្ច កាត់បន្ថយពឹងផ្អែកលើជំនួយពីខាងក្រៅ

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី១៨ មករានេះ បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្ត “យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ របស់ក្រសួង” ដើម្បីជាត្រីវិស័យក្នុងការពង្រឹង ប្រសិទ្ធភាពការងារផ្នែកការទូតសេដ្ឋកិច្ច និងដើម្បីចូលរួមជាវិភាគទាន ពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅ និងលើកកម្ពស់ផលប្រយោជន៍កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ ។

ក្នុងឱកាសនោះឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ឯកសារយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ត្រូវបានរៀបចំឡើងនៅក្នុងកាលៈទេសៈ ដែលស្ថានភាពពិភពលោក ក៏ដូចជាកម្ពុជា កំពុងប្រឈមទៅនឹង ការគំរាមកំហែងធ្ងន់ធ្ងរបំផុតមិនធ្លាប់ជួប ក្នុងរយៈពេលជាង ៣ទសវត្សចុងក្រោយនេះ។ ការគំរាមគំហែងនេះបណ្តាលមក ពីកត្តាគួបផ្សំគ្នាជាច្រើន។ កត្តាធំជាងគេ២គឺ ទី១កត្តាធម្មជាតិ និងទី២កត្តាមនុស្ស។ ការផ្ទុះនិងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ បានធ្វើឱ្យពិភពលោកទាំងមូលរង្គោះរង្គើ។ ជំងឺឆ្លងនេះ ក៏បង្កហានិភ័យកាន់តែធំឡើង នៃការក្ស័យធនផ្នែកធុរកិច្ច ដែលនឹងបង្កការបាត់បង់ការងារ របស់មនុស្សរាប់រយលាននាក់។ ទោះបីជាមានដំណើរការចាក់វ៉ាក់សាំង បង្ការជំងឺនេះជាបណ្តើរៗហើយក៏ដោយ ក៏គេពុំទាន់អាចប្រមើលមើលឃើញ អំពីការវិលត្រឡប់មកវិញ នូវប្រក្រតីភាពនៃដំណើរការ សេដ្ឋកិច្ចពិភពលោកនោះដែរ។

លោកបន្តថា ផលប៉ះពាល់របស់កូវីដ-១៩ មិនត្រឹមតែលាតសន្ធឹងលើវិស័យសេដ្ឋកិច្ច សង្គម និងហិរញ្ញវត្ថុប៉ុណ្ណោះទេ តែក៏ហក់ចូលក្នុងសង្វៀននយោបាយ ដោយការធ្វើនយោបាយតូបនីយកម្ម ដើម្បីយកកំហុសនៃអសមត្ថភាពរបស់ខ្លួនក្នុងការទប់ស្កាត់ជំងឺនេះ ទៅទំលាក់ឱ្យអ្នកដទៃ។ កត្តាមនុស្សនេះ កំពុងធ្វើឱ្យស្ថិរភាព និងវិបុលភាព រយៈពេលជាង៧០ឆ្នាំ ដែលកើតចេញពីសណ្តាប់ធ្នាប់អន្តរជាតិ ផ្អែកលើពហុប៉ូលនិយម និងច្បាប់អន្តរជាតិនោះ ទទួលរងភាពរង្គោះរង្គើយ៉ាងខ្លាំង ។ នេះក៏ដោយសារការរំលោភបំពាន និងលែងគោរពនូវគុណតម្លៃទាំងឡាយ ដែលជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់នេះ និងការងាកទៅរកឯកតោភាគីនិយម ការប្រើកំលាំងបាយគាបសង្កត់ប្រទេសទន់ខ្សោយ។

លោកបន្ថែមថា ការប្រជែងគ្នារវាងមហាអំណាចអាមេរិក និងចិន ដែលនាដើមអាណត្តិរបស់ប្រធានាធិបតី Trump បានចាប់ផ្តើមពីការបង្កសង្គ្រាមពាណិជ្ជកម្មនោះ បានរីករាលដាលដល់សមរភូមិផ្សេងទៀតមាន សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា យោធា ចារកម្ម ល្បែងទំលាក់កំហុស និងបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងមនោគមវិជ្ជា។ ទោះបីជាមានការព្យាករណ៍ថា ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក (លោក ចូ បៃដិន) អាចផ្លាស់ប្តូរទិសដៅគោលនយោបាយការបរទេស ពី «អាមេរិកជាចម្បង» មកផ្តោតលើ «ប្រព័ន្ធពហុភាគីនិយម» វិញក៏ដោយ ក៏ពុំមានសញ្ញាណណាមួយបង្ហាញថា ការប្រជែងឥទ្ធិពល និងអំណាចនេះបានថមថយចុះនោះទេ។ អ្វីដែលធ្ងន់ធ្ងរនោះ គឺការរួមបញ្ចូលគ្នានៃកត្តាទាំងពីរក្នុងពេលតែមួយ ពោលគឺរដ្ឋាភិបាល ត្រូវចាត់វិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដផង និងដោះស្រាយបញ្ហាប្រឈមខាងសេដ្ឋកិច្ច និងសង្គម ដែលបណ្ដាលមកពីការរាតត្បាតនៃជំងឺនេះផង។ ហើយធ្ងន់ធ្ងរបំផុតទៅទៀតសំរាប់កម្ពុជា គឺថែមពីលើអម្រែកទាំងសងខាងស្មារបស់យើង គឺការដករបបអនុគ្រោះពន្ធក្រោមប្រព័ន្ធ EBA 20%។

លោករដ្ឋមន្ត្រីបន្តទៀតថា “ទណ្ឌកម្មដែល EU បានសម្រេចដាក់មកលើកម្ពុជា ក្នុងគ្រាដែលប្រទេសតូចរបស់យើង កំពុងប្រមូលកិច្ចប្រឹងប្រែងគ្រប់យ៉ាង ធនធានគ្រប់ប្រភេទ និងមធ្យោបាយចំរុះ ដើម្បីទប់ទល់នឹងការរាលដាលនៃជំងឺកូវីដ-១៩ ផង និងទប់កុំឱ្យសេដ្ឋកិច្ចដួលរំលំផង ត្រូវបាន សម្តេចតេជោនាយករដ្ឋមន្ត្រី ហៅយ៉ាងច្បាស់ក្នុងសុន្ទរកថា ទៅកាន់មហាសន្និបាត អ.ស.ប. លើកទី៧៥ ថាជា ភាពអយុត្តិធម៌” ។

លោកថ្លែងថា ដោយទទួលស្គាល់ពីសារៈសំខាន់ នៃការរួមចំណែករបស់វិស័យការបរទេស ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច រយៈពេលជាង ២ឆ្នាំនេះ ក្រសួងការបរទេស បានខិតខំជំរុញការងារការទូតសេដ្ឋកិច្ច តាមរយៈការពង្រឹង សមត្ថភាពធនធានមនុស្ស ការបណ្តុះបណ្តាលអ្នកការទូតឱ្យមានវិជ្ជាជីវៈ ការរៀបចំប្រមូល និងចងក្រងផ្ទាំងព័ត៌មានអំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ សម្រាប់អ្នកការទូតយើងប្រើប្រាស់ និងជួបប្រាស្រ័យជាមួយភ្ញៀវ ធុរជន ពលរដ្ឋ និងថ្នាក់ដឹកនាំនៃប្រទេសម្ចាស់ផ្ទះជាមិត្ត និងចូលរួមពិធីតាំងពិព័រណ៌ ពាណិជ្ជ-កម្ម វប្បធម៌ ការធ្វើបទបង្ហាញទាក់ទាញវិនិយោគ និងការជួយសម្របសម្រួលនូវដំណើរ និងសំណើរបស់ធុរជន និងក្រុមហ៊ុនបរទេសនានា។

លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា «ជាងនេះទៅទៀត ក្រសួងការបរទេសបានប្តេជ្ញា រៀបចំតាក់តែងនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចនេះ ដើម្បីជាត្រីវិស័យក្នុងការពង្រឹង ប្រសិទ្ធភាពការងារផ្នែកការទូតសេដ្ឋកិច្ច និងដើម្បីចូលរួមជាវិភាគទាន ពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅ និងលើកកម្ពស់ផលប្រយោជន៍កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ ដោយផ្តោតទៅគោលដៅ ៤ធំៗ» ។

គោលធំៗទាំង ៤នោះរួមមាន៖ ១.ការជំរុញពាណិជ្ជកម្មអន្តរជាតិ, ២.ការទាក់ទាញ ការវិនិយោគទុនផ្ទាល់ពីបរទេស, ៣.ការលើកកម្ពស់វិស័យ ទេសចរណ៍ និង៤.ការជំរុញការផ្លាស់ប្តូរវប្បធម៌ (រួមទាំងការផ្សព្វផ្សាយ ពីមុខម្ហូបខ្មែរផងដែរ)។

តាមរយៈយុទ្ធសាស្រ្តខាងលើ ក្រសួងការបរទេស នឹងដើរតួនាទី៖ ទី១.ជាអ្នកសម្របសម្រួល និងជំរុញយន្តការដែលមានស្រាប់ ដើម្បីទាក់ទាញការវិនិយោគទុន ផ្ទាល់ពីបរទេស ជំរុញឱ្យមានកំណើន នៃការធ្វើពាណិជ្ជកម្មទ្វេភាគី និងពហុភាគី និងទាក់ទាញភ្ញៀវទេសចរណ៍តាមរយៈការពង្រឹងតម្លៃវប្បធម៌ខ្មែរនៅក្រៅប្រទេស, និងទី២.អភិវឌ្ឍធនធានអ្នកការទូត ជំនាន់ថ្មីប្រកបដោយវិជ្ជាជីវៈ សមត្ថភាពខ្ពស់សកម្មការពារ និងលើកស្ទួយផលប្រយោជន៍ជាតិលើគ្រប់វិស័យ ៕

To Top