ភ្នំពេញ ៖ នាឡិកាវៃឆ្លាតមកពីក្រុមហ៊ុន Apple, Garmin និង Fitbit ដែលមានមុខងារតាមដានចង្វាក់ បេះដូង និងវាស់កំដៅអាចប្រើសម្រាប់ បញ្ជាក់ការមានជំងឺកូវីដ១៩ បានរហូតដល់ទៅមួយ សប្តាហ៍មុនពេល ដែលអ្នកជំងឺចាប់ផ្ដើមមានរោគសញ្ញា ឬរកឃើញមេរោគ តាមរយៈការធ្វើតេស្ត។
នេះបើតាមការស្រាវជ្រាវ របស់មន្ទីរពេទ្យដ៏ល្បីឈ្មោះ Mount Sinai Health System នៅរដ្ឋ New York និងសាកលវិទ្យាល័យ Stanford នៅរដ្ឋ California ដែលបណ្តាញសង្គមហ្វេសប៊ុក នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា នៅរសៀលថ្ងៃទី២០ មករានេះយកមកផ្សព្វផ្សាយ។
បើតាមនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា គឺលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Rob Hirten នៃមន្ទីរពេទ្យ Mount Sinai បានមានប្រសាសន៍ថា គោលបំណង នៃការស្រាវជ្រាវនេះ ដើម្បីអាចឲ្យពួកគេរកឃើញ រោគសញ្ញានៅពេលដែល មេរោគនេះត្រូវបានឆ្លង ឬមុនពេលដែលអ្នកជំងឺមានរោគសញ្ញា ដើម្បីបង្ការ នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ ហើយនាឡិកាវៃឆ្លាតរបស់ក្រុមហ៊ុន Apple អាចប្រើជាឧបករណ៍ ដើម្បីកំណត់រោគសញ្ញានេះ ដោយធ្វើការវិភាគពីភាពលំអៀង ទៅលើទិន្នន័យនៃចង្វាក់បេះដូង (Heart rate variability)។
សម្រាប់ការស្រាវជ្រាវ នៅសាកលវិទ្យាល័យ Stanford វិញនោះ ពួកគេបានឲ្យអ្នកចូលរួម ពាក់នាឡិកាមកពីក្រុមហ៊ុនមួយចំនួនមានដូចជា Apple, Garmin និង Fitbit ដើម្បីធ្វើការតាមដាន ។
ជាលទ្ធផល ពួកគេបានរកឃើញថា ៨១ភាគរយ នៃអ្នកកើតជំងឺកូវីដ មានការផ្លាស់ប្ដូរចង្វាក់បេះដូងចំនួនប្រមាណ ៩ថ្ងៃ មុនពេលដែលពួកគេចាប់ផ្ដើមមាន រោគសញ្ញា។ នៅក្នុងការស្រាវជ្រាវនេះ ក៏មានប្រើកម្មវិធីដែលផ្ដល់ ជាសារណែនាំដល់អ្នកចូលរួម នៅពេលដែលចង្វាក់បេះដូង របស់ពួកគេមានការផ្លាស់ប្ដូរ ដើម្បីឲ្យពួកគេចៀសវាងក្នុងការជួបជុំគ្នា ៕