ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ព្រមទាំងមន្រ្តី និងបុគ្គលិកក្រោមឱវាទទាំងអស់ នៃ ប.ស.ស. នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានផ្ញើសារ សម្តែងការអបអរសាទរ និងជូនពរចំពោះ លោកបណ្ឌិត ពេជសោភ័ន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងជារដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តីបន្ថែមលើមុខងារបច្ចុប្បន្ន។
តាមរយៈការជូនពរនេះ លោកអគ្គនាយក បានបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរជ័យជូន លោកបណ្ឌិត ពេជ សោភ័ន និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ ឱ្យជួបតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈនិងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា កាលពីថ្ងៃទី២០ ខែមករាឆ្នាំ២០២១ នេះ បានចេញព្រះរាជក្រឹត្យ មួយតែងតាំង លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការ ប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បន្ថែមលើកមុខងារបច្ចុប្បន្ន។
ការតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីមាន សំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា៕